ឡិចស៊ីស RX400h បុកម៉ូតូ Duke របួសធ្ងន់ស្រាល៣នាក់ បើករត់បាត់ស្រមោល ជ្រុះតែស្លាកលេខ ភ្នំពេញ 2AU-6879 ទុកឲ្យសមត្ថកិច្ច

June 01, 2019 400

ភ្នំពេញ ៖ រថយន្ត LEXUS RX400h ព្រលះជាមួយម៉ូតូធំមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរស២នាក់ រងរបួសស្រាល និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន ហុងហាក់ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ រីឯរថយន្តបង្កបើករត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកតែស្លាកលេខដែលជ្រុះនៅកន្លែងកើតហេតុ ទុកឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវតាមក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចទល់មុខរោងចក្រ ការ៉េម តុក្កតា នៅលើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស៣នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាក KTM Duke-390 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1399 ឌុបគ្នា ធ្វើតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងថារថយន្តបើកពីជើងមកត្បូងបត់ត្រលប់ក្រោយ ហើយត្រូវម៉ូតូជិះទៅបុក បណ្ដាលឲ្យដួល ឬយ៉ាងណាទេ ព្រោះឃើញតែស្លាកលេខ រថយន្ត LEXUS RX400h ភ្នំពេញ  2AU-6879 ហើយម៉ូតូដួលខ្ទាត និងមនុស្សដេកស្ដូកស្ដឹងទាំងបីនាក់។

ក្រោយកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកកន្លែងកើតហេតុ រួចប្រមូលកម្ទេចរថយន្ត រួមទាំងស្លាកលេខរថយន្តបង្កដែលជ្រុះនៅកន្លែងកើតហេតុនោះ និងម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកបណ្ដោះអាសន្នសិន រងចាំជនរងគ្រោះដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរករថយន្តបង្ក ចូលខ្លួនមកដោះស្រាយតាមច្បាប់៕

Loading...