រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងបាងកក ដើម្បីបង្ហាញការគាំទ្រដល់អាស៊ាន

June 07, 2019 78

វ៉ាស៊ីនតោន ៖ សារព័ត៌មាន Straitstimes នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងបាងកក ប្រទេសថៃ នៅខែកក្កដាខាងមុខនេះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន ប្រឈមមុខនឹងការកើនឡើងកាន់តែខ្លាំង នៃឥទ្ធិពលរបស់ចិន។

បើតាមលោក Mark Clark ដែលជាមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទទួលបន្ទុកកិច្ចការតំបន់អាស៊ាន លោក ប៉ុមប៉េអូ នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ាន នៅថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា។ បន្ថែមពីលើនេះ លោក ប៉ុមប៉េអូ ក៏នឹងត្រូវ ដឹកនាំកិច្ចប្រជុំគំនិតផ្ដួចផ្ដើមតំបន់ទន្លេមេគង្គក្រោម (Lower Mekong Initiative) ផងដែរ។

គួរជម្រាបថា គំនិតផ្ដួចផ្ដើមតំបន់ទន្លេមេគង្គក្រោម ត្រូវបានបង្កើតឡើងកាលពីជាង១០ឆ្នាំមុន ដោយ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

Loading...