រន្ធត់ណាស់! យុវជនម្នាក់ ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករ៉ឺម៉ងសណ្ដោងពេញមួយទំហឹង ធ្លាយពោះស្លាប់ភ្លាមៗ

June 07, 2019 448

ភ្នំពេញ ៖ យុវជនម្នាក់ បានធ្លាយពោះស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីរូបគេជិះម៉ូតូហុងដាឌ្រីមសង់ ទៅបុករ៉ឺម៉កសណ្ដោង១គ្រឿង ចំពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៨នឹង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅ ភូមិព្រៃក្រឡា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះដែលស្លាប់មានឈ្មោះ សុខ ហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាមេរ៉ា ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA- 0740 បើកបរក្នុងទិសដៅពីកើតទៅលិច ស្របទិសជាមួយរ៉ឺម៉កសណ្ដោង ដែលបើកបរដោយបុរសម្នាក់ បុកចំពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះធ្លាយពោះស្លាប់ភ្លាមៗនៅនិងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅជំនាញចរាចរណ៍មកធ្វើការវាស់វែងយករ៉ឺម៉កសណ្ដោង និងម៉ូតូជនរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...