
ភ្នំពេញ ៖ បុរសម្នាក់ ស្រវឹងស្រា បើករថយន្ត FORD ពាក់ស្លាកលេខ ខ.ម លឿនពេក ជ្រុលទៅបុករះដើមស្វាយ និងតូបលក់កាហ្វេ បណ្ដាលឲ្យរថយន្ដ និងសម្ភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ នៅវេលាម៉ោងជាង៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៩ តាមបណ្ដោយ មហាវិថីអង្គរ ស្ថិតក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។
ប្រភពព័ត៌មានពីសន្តិសុខនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាក FORD RANGER ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ (ត្រូវម្ចាស់រថយន្តដោះចេញ) ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីអង្គរ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករះដើមស្វាយបាក់អស់មួយដើម ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកតូបលក់កាហ្វេ បណ្ដាលឲ្យរថយន្ដនិងសម្ភារៈរងការខូចខាតខ្ទេចយ៉ាងដំណំតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕




