នាំគ្នាចូលក្នុងបន្ទប់ជួល លួចយកប្រាក់ និងទូរសព្ទដៃគេចខ្លួនបាន៦ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

June 12, 2019 59

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់ជួល លួចយកប្រាក់ និងទូរសព្ទដៃរបស់អ្នកដទៃ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៤និង០០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួលលេខ២ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហៀង ចាន់ថន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខ្លួនមានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះ ហេង គឹមយ៉ាន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលលេខ២ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ លុយដុល្លារចំនួន៤៨០ដុល្លារ, លុយរៀលចំនួន២.០០០.០០០រៀល, ទូរស័ព្ទដៃចំនួន២គ្រឿង (iphone ១គ្រឿង និងទូរស័ព្ទដៃOPPO១គ្រឿង), អត្តសញ្ញាណប័ណ្ណ១សន្លឹក, កាតបញ្ចូលលុយទូរស័ព្ទចំនួន៥០ដុល្លារ និងឯកសារមួយចំនួន។ សម្ភារៈបន្សល់ទុក៖ មេសោរពណ៌ខ្មៅមានកូនសោរចំនួន១,  រូបភាពសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពរបស់ជនសង្ស័យធ្វើសកម្មភាព១ស្លឹក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ពេលល្ងាចជនរងគ្រោះបានទៅខ្ចីសោរពីប្អូនស្រីរបស់ជនសង្ស័យដែលមានបន្ទប់ជួលនៅជិតគ្នា ដើម្បីយកមកចាក់សោទ្វាររួចហើយ ជនរងគ្រោះក៏បានធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទទួលបងប្អូន រួចជនរងគ្រោះក៏បានទៅស្នាក់នៅជាមួយបងប្អូននៅផ្ទះផ្សារកណ្ដាល ខណ្ឌដូនពេញ លុះដល់ថ្ងៃទី៧ខែ ឆ្នាំដដែល វេលាម៉ោង៦និង៣០នាទី ជនរងគ្រោះបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បន្ទប់ជួលរបស់ខ្លួន របើកទ្វារបន្ទប់។ បន្ទាប់មកជនរងគ្រោះក៏បានវិលត្រឡប់មកបន្ទប់ជួលរបស់ខ្លួនវិញ ឃើញមានទ្វាររបើករួចហើយជនរងគ្រោះត្រួតពិនិត្យមើលមើលឃើញមានបាត់សម្ភារៈលុយកាក់ និងទូរស័ព្ទដៃនៅខាងលើ ហើយជនរងគ្រោះបានទៅប្រាប់ឲ្យម្ចាស់ផ្ទះជួល ដើម្បីឆែកមើលកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យជនមានគ្នាចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងមកឈប់មុខបន្ទប់ជួល ហើយយកកូនសោចាក់ចូលក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ លួចយកទ្រព្យសម្បត្តិខាងលើ។ រហូតដល់ថ្ងៃទី ១១-០៦-២០១៩ វេលាម៉ោង ១៦ និង 00នាទី ទើបជនរងគ្រោះនាំខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួររួចជនរងគ្រោះបានដាក់ពាក្យបណ្ដឹងចោទប្រកាន់ជនសង្ស័យតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...