កាន់តែអាសូរ! ស្ថានភាពជំងឺមហារីក ងួន កែវពេជ្រពិសិដ្ឋ កាន់តែធ្ងន់ធ្ងរ ការចំណាយ និងស្ថានភាពគ្រួសារកាន់តែយ៉ាប់យឺន

June 12, 2019 46

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថានភាពជំងឺតារាចម្រៀង និងកំប្លែង ងួន កែវពេជ្រពិសិដ្ឋ កាន់តែធ្ងន់ធ្ងរ បន្ទាប់ពីជំងឺមហារីកធ្វើទុក្ខរហូតត្រូវប្រើប្រាស់ខ្យល់ដកដង្ហើមអ៊ុកស៊ីហ្សែនជាជំនួយ។ ស្ថានភាពជំងឺកាន់តែដុនដាប ខណៈដែលការចំណាយ និងស្ថានភាពគ្រួសារកាន់តែយ៉ាប់យឺន។

ជាតារាចម្រៀង និងកំប្លែង ចូលចិត្តនិយាយលេងសើច និងសម្តែងឲ្យទស្សនិកជនសើចសប្បាយ បែជាមកត្រូវឈឺស្គមរីងរៃដេកនឹងកន្ទេលព្រោះតែជំងឺមហារីកគួរឲ្យអាសូរ។ ដុំសាច់ដុះនៅលើទ្រូងខាងឆ្វេងគៀកជាប់នឹងបេះដូង បានធ្វើទុក និងបង្កើតឲ្យប៉ះពាល់ដល់ផ្នែកសួត និងបេះដូងដែលត្រូវឲ្យគ្រូពេទ្យបូបទឹកចេញជាប្រចាំ។ ជំងឺនេះបានធ្វើទុកជិតមួយឆ្នាំមកហើយរហូតដល់ក្រុមគ្រួសារព្យាយាមប្រឹងប្រែងព្យាបាលរហូតចំណាយទ្រព្យមានតម្លៃអស់ពីខ្លួន។

យ៉ាងណាមិញ ក្រោយសំងំព្យាបាលខ្លួនអស់មួយរយៈពេលមកនេះ ស្ថានភាពជំងឺរបស់លោកនៅតែមិនទាន់បានធូរស្បើយនៅឡើយទេ ដែលជំងឺមហារីកក្នុងខ្លួនរបស់លោកកាន់តែវិវឌ្ឍធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និង ពេលនេះទៀត លោក ងួន កែវពេជ្រពិសិដ្ឋ ត្រូវបានគេដឹងថា កំពុងដាក់ខ្យល់អុកស៊ីហ្សែន ដើម្បីជំនួយការដកដង្ហើម។

មិនត្រឹមតែជំងឺដ៏កាចសាហាវកំពុងវាយប្រហារនោះទេ បើតាមសាច់ញាតិបានឱ្យដឹងថា ពេលនេះរូបកាយរបស់លោក ងួន កែវពេជ្រពិសិដ្ឋ ហាក់ត្រូវវិញ្ញាណខ្លោចសណ្ឋិតទៀតផង ដោយលោកចេះតែរវើរវាយ និង មានស្មារតីមិននឹងនឡើយ។

គួរបញ្ជាក់ដែរថា ក្រៅពីតារាចម្រៀង លោក ងួន កែវពេជ្រពិសិដ្ឋ ក៏ជាអ្នកផលិតវីដេអូមួយរូបដែរ ដែលកន្លងមកធ្លាប់បានផលិតវីដេអូកំប្លែងឲ្យបងប្អូនសើចសប្បាយ និងវីដេអូអប់រំមួយចំនួនទៀត។

ងួន កែវពេជ្រពិសិដ្ឋ បានព្យាយាមលាក់បាំងរឿងនេះទៅកាន់មិត្តភ័ក្កិ និងអ្នកគាំទ្រ ហើយលោកធ្លាប់បានចេញទៅព្យាបាលនៅប្រទេសថៃជាញឹកញាប់ និងមានបំណងវះកាត់ជំងឺដ៏កាចសាហាវនេះ ប៉ុន្តែដោយសារសុខភាព តារារូបនេះខ្សោយខ្លាំងទើបវេជ្ជបណ្ឌិតមិនប្រថុយនឹងការវះកាត់ទើបសម្រេចឲ្យមកបំប៉ណសុខភាពនៅផ្ទះសិន។

ប្រភពបន្តថា ស្ថានភាពជំងឺតារាររូបនេះនៅមិនទាន់បានប្រសើរឡើងនៅឡើយ ដែលពេលនេះគាត់ត្រូវការទាំងកម្លាំងចិត្ត និងថវិកាដើម្បីជួយដល់ការព្យាបាលបន្ត៕

Loading...