តើឈ្មោះ ភក្រ័ ជានរណា? បានជាហ៊ានបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ទាំងចំហរ នៅមុខផ្សារស្ទឹងមានជ័យថ្មី បង្អួតភ្នែកសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ

June 12, 2019 249

ភ្នំពេញ ៖ ប្រជាពលរដ្ឋកំពង់តែឆ្ងល់ថាតើឈ្មោះ ភក្រ័ ជានរណា...? បានជាហ៊ានបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ទាំងចំហរ ដែលមានទីតាំងនៅលើផ្លូវ២១៧ (ផ្លូវមន្នីរេត) មុខផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។កំពុងតែផ្គើន និងបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជាឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំង១២ខណ្ឌ ធ្វើយ៉ាងណាត្រូវតែបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស ល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីនេះតែម្តង។

ទីតាំងហ្គេមបាញ់ត្រីនេះ គឺតែងតែប្រមូលផ្តុំទៅដោយក្មេងទំនើង ជួញដូរគ្រឿងញៀន និងជាទីតាំងសេពគ្រឿងញៀន ព្រមទាំងបង្ករអសន្តិសុខ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់វេលា។

ជាក់ស្តែង នៅសង្កាត់ស្ទឹងមានជ័យ២ ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ដែលគេស្គាល់មានម្ចាស់ឈ្មោះ ភក្រ័ កំពុងបើកអាជីវកម្មបម្រើភ្ញៀវគ្រប់ប្រភេទ ២៤ម៉ោងលើ២៤ម៉ោង ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ ដែលពលរដ្ឋដាក់ការសង្ស័យថា អាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ និងសមត្ថកិច្ច ទើបល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះ អាចដំណើរយ៉ាងរលូនបែបនេះ។

យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ សុំមិនបញ្ចេញឈ្មោះលួចប្រាប់ឲ្យដឹងថា ល្បែងហ្គេមបាញ់ត្រីខុសច្បាប់សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ លួចបើកអាជីវកម្មរាប់ខែមកហើយ មានក្មេងស្ទាវ គ្រប់ប្រភេទចូលលេង និងប្រមូលផ្តុំទៅដោយសារក្មេងទំនើង ជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងសេពគ្រឿងញៀន ព្រមទាំងបង្ករអសន្តិសុខគ្រប់វេលា។

ករណីនេះ ហាក់ដូចជាមានការបើកដៃពីលោក ណេង សាមឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ទើបល្បែងហ្គេមបាញ់ខុសទាំងនេះ អាចដំណើរការយ៉ាងរលូនបែបនេះ។

ជុំវិញបញ្ហានេះ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩  អង្គភាព CSNDAILY បានទំនាក់ទងទៅលោក ម៉េង វិមានរតនា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ តាមរយៈទូរស័ព្ទដែប៉ុន្តែទូរស័ព្ទគ្មានអ្នកទទួល។

ដោយឡែក លោក ពេជ្រ កែវមុន្នី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក៏អង្គភាពយើងបានទំនាក់ទំនងតាមរយៈទូរស័ព្ទដែលតែខលចូលចំនួន២ដង គ្មានអ្នកទទួល៕

Loading...