តោខៀវ Chelsea ត្រូវបង់៥លានដុល្លារ ទៅឲ្យក្លិប Derby បើចង់យក Lampard មកដឹកនាំ

June 15, 2019 94

បាល់ទាត់ ៖ ក្លិបបាល់ទាត់តោខៀវ Chelsea ត្រូវសងសំណងប្រមាណ៤លានផោន ស្មើនឹង ៥.០៣លានដុល្លារ ទៅឲ្យក្លឹប Derby County ប្រសិនបើចង់បាន Frank Lampard មកដឹកនាំចាប់ពីរដូវកាលក្រោយតទៅនេះ ដើម្បីជំនួសកៅអីគ្រូបង្វឹក Maurizio Sarri ដែលបានព្រមព្រៀងទៅដឹកនាំក្លឹប Juventus នៃប្រទេសអ៊ីតាលី។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ចំនួនប្រាក់ ៥លានដុល្លារ គឺដើម្បីផ្តាច់កិច្ចសន្យារបស់អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស Frank Lampard ដែលបានកំពុងដឹកនាំក្លឹប Derby County លេងក្នុងក្របខណ្ឌទី២ អង់គ្លេស Championship នោះ។

ក្លឹប Derby County និង Chelsea ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នានាពេលកន្លងមក តាមរយៈ Chelsea បានឲ្យកីឡាករ Mason Mount និង Fikayo Tomori ឲ្យក្លឹប Derby ខ្ចីជើងកាលពីរដូវកាលមុន និងការចរចាដោះដូរ អាចនឹងទទួលជោគជ័យ និងស្ថិតក្រោមបរិយាកាសសប្បាយរីករាយទៀតផង ដ្បិត Frank Lampard ជាអតីតកីឡាករ ឆ្នើមរបស់ Chelsea ស្រាប់ ដែលធ្លាប់ចំណាយពេល ១៣ឆ្នាំលេងនៅ Stamford Bridge ដោយឈ្នះពានសរុបបាន ១១ពានផងដែរ។

បុរសវ័យ ៤០ឆ្នាំ Frank Lampard ទើបតែបានចូលដឹកនាំក្លឹប Derby County កាលពីរដូវកាលមុន និងជួយឲ្យក្លឹប លេងនៅក្របខណ្ឌទី២ អង់គ្លេសមួយនេះបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥ នៅ Championship នឹងចាញ់ក្រុម Aston Villa ២-១ ក្នុងជម្រុះមកលេងនៅ Premier League រដូវកាលឆ្នាំ២០១៩-២០២០ កាលចុងខែឧសភា ឆ្នាំ២០១៩៕

Loading...