រញ្ជួយដីកម្រិត៦.០រ៉ិចទ័រ វាយប្រហារខេត្តស៊ីឈាន់ ភាគនិរតីប្រទេសចិន បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ និង១២៥នាក់របួស

June 18, 2019 113

ប៉េកាំង ៖ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩ ចេញផ្សាយថា យ៉ាងហោចណាស់ មានមនុស្ស១២នាក់ បាត់បង់ជីវិត និង១២៥នាក់បានរងរបួស ក្រោយគ្រោះរញ្ជួយមួយដីកម្រិត៦.០រ៉ិចទ័រ បានវាយលុកខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន កាលពីយប់ថ្ងៃចន្ទ។

ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅសង្កាត់ឆាងនីង (Changning) នៃក្រុងយីប៊ីន (Yibin) និង មានជម្រៅ១៦គីឡូម៉ែត្រ ក្រោមផ្ទៃដី ហើយហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១០៖៥៥នាទីយប់ថ្ងៃចន្ទ ខណៈអាជ្ញាធរចិនកំពុង ចាត់វិធានការ ឆ្លើយ តប ចំពោះស្ថានការណ៍អាសន្ននេះ ហើយក្រុមជួយសង្រ្គោះកំពុងបន្តតាមស្វែងរកជនរងគ្រោះ។

គួរជម្រាបថា នាព្រឹកថ្ងៃអង្គារនេះ គ្រោះរញ្ជួយដីមួយផ្សេងទៀតកម្រិត៥.៣រ៉ិចទ័រ ក៏បានអង្រួនសង្កាត់ឆាងនីងជាថ្មីម្តងទៀតដែរ៕

Loading...