ក្រុមបាល់ទាត់ជម្រើសជាតិបូលីវី ជ្រុះចេញពីព្រឹត្តិការណ៍ Copa America 2019មុនគេ ក្រោយចាញ់២ប្រកួតជាប់គ្នា

June 19, 2019 171

បាល់ទាត់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិបូលីវី (Bolivia) បានជ្រុះចេញពីព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិ ឡាទីន Copa America 2019 នៅប្រទេសប្រេស៊ីលមុនគេ បន្ទាប់ពីបន្តបរាជ័យ ៣-១ ក្រោមថ្វីជើងរបស់ក្រុមជម្រើស ជាតិប៉េរូនាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនានេះ ដែលជាការចាញ់លើកទី២ ក្នុងវគ្គសន្សំពិន្ទុនៃពូល A។

បូលីវី ជាក្រុមដែលបានចាប់ផ្តើមការប្រកួត Copa America 2019 មុនគេ ក្នុងចំណោម ១២ក្រុមដែលត្រូវបានចែក ចេញជា ៣ពូល (A B និង C) ដែលបានចាញ់ម្ចាស់ផ្ទះប្រេស៊ីល ៣-០ កាលពីថ្ងៃបើកឆាកថ្ងៃទី១៥ ខែមិថុនា មុនមក ចាញ់ប៉េរូ ៣-១ ថែមទៀតគ្មានពិន្ទុរាប់ ធ្លាក់ឈរនៅបាតតារាង មុនពេលប៉ះវេណេហ្សូអេឡា ក្នុងប្រកួតបង្រ្គប់កិច្ចនាថ្ងៃទី ២៣ ខែមិថុនា។

ក្នុងជំនួបដ៏ស្វិតស្វាញនាព្រឹកមិញនេះ បូលីវី ជាអ្នកបើកការនាំមុខ ១គ្រាប់មុននៅនាទី២៨ ពីការទាត់បាល់ប៉េណាល់ទី បានសម្រេចដោយកីឡាករ Marcelo Moreno តែត្រូវបានកីឡាករ Jose Paolo Guerrero ជួយប៉េរូរកគ្រាប់តាមស្មើ វិញនៅនាទី៤៥ មុនពេលបន្ថែម ២គ្រាប់ទៀតក្នុងវគ្គទី២ ដោយកីឡាករ Jefferson Farfan និងមិត្តរួមក្រុម Edison Flores នៅនាទី៥៥ និងនាទី៩០។

ការជ្រុះចេញដ៏លឿនបំផុតនេះ បានធ្វើឲ្យបូលីវី បន្តខកខានឈ្នះជើងឯកពាន Copa America ជាលើកទី២ ក្រោយធ្លាប់ឈ្នះម្តងកាលឆ្នាំ១៩៦៣ និងរងជើងឯកម្តងផងដែរកាលឆ្នាំ១៩៩៧ ក្នុងនាមជាក្រុមធ្លាប់ឡើងមកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៤លើកនាពេលកន្លង គ្រាដែលអ៊ុយរ៉ាហ្គាយ ធ្លាប់ឈ្នះពាននេះបាន ១៥ដងច្រើនជាងគេ តាមពីក្រោយដោយអាហ្សង់ទីន ដោយធ្លាប់ឈ្នះបាន ១៤ដង៕

Loading...