Luis Suarez បន្តរកបានគ្រាប់បាល់ ខណៈអ៊ុយរ៉ាហ្គាយ ស្មើជប៉ុន ២-២ នៅ Copa America 2019

June 21, 2019 92

បាល់ទាត់ ៖ Luis Suarez នៅតែជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក្នុងខណៈដែលរកបាន ១គ្រាប់ក្នុងប្រកួតស្មើទល់នឹងសាម៉ូរៃជប៉ុន ២-២ នាព្រឹកមិញនេះនៃព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិក ឡាទីន Copa America ឆ្នាំ២០១៩ ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះ។

១គ្រាប់របស់កីឡាករមកពីក្លឹបអេស្ប៉ាញ FC Barcelona រូបនេះ រកបាននៅនាទីទី៣២ ពីការទាត់បាល់ពិន័យ ១១ម៉ែត្រ និងជាគ្រាប់តាមស្មើ ១-១ ក្នុងវគ្គទី១ ផងដែរ ក្រោយ Koji Miyoshi បានស៊ុតគ្រាប់នាំមុខឲ្យជប៉ុនតាំងពីនាទី ទី២៥ មក។

នេះក៏ជាគ្រាប់ទី២ របស់កីឡាករវ័យ ២៨ឆ្នាំ Luis Suarez ផងដែរក្នុង Copa America 2019 នេះ បន្ទាប់ពីរូបគេក៏រក បាន ១គ្រាប់ផងដែរក្នុងជ័យ ៤-០ ទៅគូប្រជែងអេក្វាទ័រ កាលពីថ្ងៃបើកឆាកប្រកួតសន្សំពិន្ទុនៃពូល C។ គ្រាប់ទី២ របស់អ៊ុយរ៉ាហ្គាយកើតឡើងនៅនាទី៦៦ ពីការតែតបញ្ចូលទីរបស់កីឡាករ Jose Gimenez ដែលជាគ្រាប់តាមស្មើ ២-២ ក្រោយពេល Koji Miyoshi បន្តរកគ្រាប់នាំមុខឲ្យជប៉ុននៅនាទីទី៥៩ ដែលធ្វើឲ្យជប៉ុននៅមានឱកាសដើម្បីឡើងទៅ វគ្គ ៨ក្រុម ដ្បិតត្រូវអេក្វាទ័រនៅថ្ងៃប្រកួតបិទពូល C។

១ពិន្ទុបន្ថែមនេះដែរ ធ្វើឲ្យអតីតម្ចាស់ជើងឯកពាន Copa America ១៥ដងច្រើនជាងគេនេះ រកបាន ៤ពិន្ទុឡើងទៅ ឈរនៅកំពូលតារាងវិញ ដោយនៅសល់ ១ប្រកួតចុងក្រោយត្រូវប៉ះក្រុមលេខ២ ឈីលី នាថ្ងៃទី២៥ ខែមិថុនាសប្តាហ៍ក្រោយ៕

Loading...