ទីបំផុត UN ត្រៀមបើកកិច្ចប្រជុំបិទទ្វារ ស្តីពីភាពតានតឹងនៅមជ្ឈិមបូព៌ា តបតាមសំណើពីអាមេរិក

June 22, 2019 161

យូអិន ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយថា អ្នកនាំពាក្យបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខជាតិនៃអង្គការសហប្រជាជាតិ (UNSC) នឹងត្រូវបើកកិច្ចប្រជុំបិទទ្វារមួយជុំវិញភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ាពាក់ព័ន្ធប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ តបតាមសំណើរបស់អាមេរិក។

អ្នកនាំពាក្យ UN បាននិយាយយ៉ាងដូច្នេះថា «នៅវេលាម៉ោង ៣ ៖០០នាទីរសៀលថ្ងៃចន្ទ (ពេលវេលានៅញូយ៉ក) ក្រុមប្រឹក្សា UNSC នឹងជួបប្រជុំគ្នាដើម្បីពិគ្រោះអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា»។ កិច្ចប្រជុំនេះត្រូវរៀបចំឡើង ក្រោយតំណាងអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ស្នើឲ្យមានការជួបពិភាក្សាគ្នា អំពីករណីវាយប្រហារកប៉ាល់ដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ និងការបាញ់ ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍សម្ងាត់របស់អាមេរិក។

កាលពីសប្តាហ៍មុន កប៉ាល់ដឹកប្រេងពីរគ្រឿងបានរងការវាយប្រហារនៅឈូងសមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រ ហ័រមូស (Hormuz)។ ខណៈមូលហេតុពិតប្រាកដនៅពីក្រោយហេតុការណ៍ នៅតែមិនទាន់ដឹងច្បាស់អាមេរិកបានចោទថា អ៊ីរ៉ង់គឺជាអ្នកបំផ្ទុះកប៉ាល់ទាំងនោះ។ ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យោធាអ៊ីរ៉ង់បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនមួយគ្រឿងរបស់អាមេរិក ដែលបានរំលោភចូលដែនអាកាសរបស់អ៊ីរ៉ង់។ ការបាញ់យន្តហោះដ្រូននេះ ស្ទើរតែបង្កឲ្យអាមេរិកបើកប្រតិបត្តិការយោធាវាយប្រហារទៅលើអ៊ីរ៉ង់ទៅហើយ ប៉ុន្តែលោក ដូណាល់ ត្រាំ បានអះអាងថាលោកបានដកបញ្ជានេះវិញតែ ១០វិនាទីប៉ុណ្ណោះ៕

Loading...