លោក ព្រាប កុល បបួលបញ្ញវន្តខ្មែរ ពិភាក្សាបង្កើតវប្បធម៌នយោបាយថ្មី នៅកម្ពុជា

June 26, 2019 89

ភ្នំពេញ ៖ នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានអំពាវនាវបញ្ញវន្តខ្មែរទាំងនៅក្នុង និងក្រៅប្រទេស នាំគ្នា ជំរុញបង្កើតវប្បធម៌នយោបាយថ្មី នៅកម្ពុជា។

លោក ព្រាប កុល បានសរសេរលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះថា ក្រោយសង្កេតពិនិត្យ ពិចារណា និងឆ្លងកាត់ការពិសោធន៍ បញ្ញាញ្ញាណផ្ទាល់ខ្លួនយល់ឃើញថា វប្បធម៌នយោបាយខ្មែរបច្ចុប្បន្ននេះ មិនល្អនោះទេ ដោយបានបង្កឲ្យមានការប្រេះឆា អរិយ្យភាព បែកបាក់សាមគ្គីរវាងខ្មែរ។

លោកបញ្ជាក់ថា "នេះជាលទ្ធផល នៃការត្រិះរិះពិចារណា ដោយប្រើប្រាស់ខួរក្បាល ១.៥គីឡូរបស់ខ្ញុំ។ ហេតុនេះហើយ ទើបខ្ញុំថ្លើមធំ ហ៊ានចេញមុខ បបួលបញ្ញាវន្តខ្មែរទាំងនៅក្នុង និងនៅក្រៅប្រទេស រៀបចំយុទ្ធនាការជំរុញ ឲ្យបង្កើតវប្បធម៌នយោបាយថ្មី ដែលអាចដោះស្រាយ បញ្ហាគន្លឹះរបស់ខ្មែរ ប្រកបដោយនិរន្តរភាព។ រីឯស្នូល និងធាតុផ្សំ នៃវប្បធម៌នយោបាយថ្មីជាអ្វីនោះ នឹងត្រូវបង្កើតឡើងរួមគ្នា ដោយពលរដ្ឋខ្មែរ មកពីគ្រប់សមាសភាព តាមរយៈការពិគ្រោះយោបល់ និងសម្រេចរួមគ្នា"។

លោកគូសបញ្ជាក់ថា បើបងប្អូនឯកភាពថា វប្បធម៌នយោបាយបច្ចុប្បន្នមិនល្អ និងគិតថាចាំបាច់ ត្រូវធ្វើការកែលម្អ ត្រូវជួយជ្រោមជ្រែង និងចូលរួមសកម្មភាពជំរុញ ឲ្យមានវប្បធម៌នយោបាយថ្មីមួយ ដែលល្អសម្រាប់ខ្មែរទាំងអស់គ្នា។

លោកក៏បានពន្យល់ ពីអត្ថន័យពាក្យថា វប្បធម៌នយោបាយថ្មីនេះ គឺមិនមែនបង្កើត គណបក្សនយោបាយថ្មីទេ ដូច្នេះសូមកុំយល់ច្រឡំ។ លោកថា វប្បធម៌នយោបាយថ្មី វាជាក្បួនខ្នាតបែបបទ និងទម្រង់ នៃការធ្វើនយោបាយថ្មីប៉ុណ្ណោះ៕

Loading...