កើតចេញពីការស្រវឹងស្រា បង្កទៅជំលោះបង្កើតជាហិង្សា អ្នករបួសចូលពេទ្យ អ្នកបង្កត្រូវជាប់ខ្នោះ ដោយសាររឿងប្រមាថម្តាយ

July 02, 2019 419

ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ខណៈពេលប្រើហិង្សា យកកូនកាំបិតចិតបន្លែ ចាក់បណ្ដាលជនរងគ្រោះរបួស ព្រោះខឹងរឿងប្រមាថម្តាយ ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៦៖៣០នាទីយប់ ថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជួលលេខ៥៦៦ ផ្លូវលំ ក្រុមទី១២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គយ គន្ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួនពីបទបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ទំនាស់យកកូនកាំបិត ចាក់បណ្តាលឲ្យរបួស)។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ (របួសខ្នងខាងស្តាំចំនួន២កន្លែង)។

លោក គឹម កល្យាណ អធិការរងទទួលផែនព្រហ្មទណ្ឌស្ដីទីខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៦៖៣០នាទី ជនសង្ស័យឈ្មោះ គយ គន្ធា បានដើរត្រឡប់មកពីផឹកស្រាដល់ចំណុចមុខផ្ទះជួលលេខ៥៦៦ ផ្លូវលំ ក្រុមទី១២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ស្រាប់តែឃើញជនរងគ្រោះឈ្មោះ ហ៊ុន ហេង កំពុងអង្គុយលេងបៀជាមួយអ្នកជិតខាង ជនសង្ស័យក៏បានហៅជនរងគ្រោះចេញមកសួរនាំពីរឿងជេរប្រមាថម្តាយរបស់គេ តែពេលនោះជនរងគ្រោះឈ្មោះ ហ៊ុន ហេង មិនព្រមចេញមកជួប ជនសង្ស័យឈ្មោះ គយ គន្ធា បានដើរចូលទៅវាយជនរងគ្រោះឈ្មោះ ហ៊ុន ហេង ចំនួន៣ដៃ បណ្តាលដួលផ្កាប់មុខទៅលើដី ហើយជនសង្ស័យឈ្មោះ គយ គន្ធា បានដកកាំបិតចិតបន្លែ ចាក់ទៅលើជនរងគ្រោះឈ្មោះ ហ៊ុន ហេង បណ្តាលឲ្យរងរបួសខ្នង ខាងស្តាំចំនួន២កន្លែង ទន្ទឹមនោះអ្នកជិតខាងបានចូលទៅឃាត់ ជនសង្ស័យឈ្មោះ គយ គន្ធា បាន ដើរចេញពី កន្លែងកើតហេតុ បានបន្តិចក៏គប់កូនកាំបិតចោល (បាត់រកមិនឃើញ) ជាមួយគ្នានោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះទៅដល់ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ គយ គន្ធា យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើតែម្តង។

លោកអធិការរងបញ្ជាក់ថា ករណីខាងលើនេះ ដោយមូលហេតុកើតចេញពីការស្រវឹងស្រា បង្កទៅជំលោះបង្កើតជាហិង្សា អ្នករបួសចូលពេទ្យ អ្នកបង្កត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ គយ គន្ធា ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

Loading...