ក្រុមកីឡាករបាល់ទាត់កម្ពុជា ចំនួន៨រូប នឹងដំណើរទៅចក្រភពអង់គ្លេស ប្រកួតពាន់រង្វាន់ពិភពលោក ជនគ្មានទីពឹង

July 03, 2019 133

ភ្នំពេញ ៖ ក្រុមកីឡាករបាល់ទាត់កម្ពុជា ចំនួន៨រូប នឹងដំណើរទៅចក្រភពអង់គ្លេស នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនាមជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតពានរង្វាន់ពិភពលោកជនគ្មានទីពឹង ដែលជាកម្មវិធីប្រកួតបាល់ទាត់ប្រចាំឆ្នាំ ក្នុងគោលបំណង ដើម្បីផ្តល់កំលាំងចិត្ត ដល់ជនគ្មានទីពឹងទាំងឡាយ ក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេ។

លោក Paraic Gorgan ស្ថាបនិក HFCA បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ថា ៖ ឥទ្ធិពលជាវិជ្ជមាន ដែលការប្រកួតក្នុង កម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក ជនគ្មានទីពឹងនេះ ទៅលើ យុវជនវ័យក្មេងនៅជុំវិញពិភពលោក រាបញ្ជូនទាំងនៅប្រទេសកម្ពុជា ដែលធ្វើអោយកិច្ចខិតខំប្រឹងប្រែងទាំងអស់ទទួលបានតំលៃតបស្នងយ៉ាងសមស្រប។

រីឯលោកស្រី Tina Redshaw អគ្គរាជទូតតំណាងចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំសូមស្វាគមន៍ ចំពោះក្រុមបាល់ទាត់កម្ពុជា ដែលធ្វើដំណើរទៅចក្រភពអង់គ្លេស ដើម្បីចូលរួមប្រកួត ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក ជនគ្មានទីពឹង នៅទីក្រុង ខាឌីស។

ថ្លែងក្នុងកម្មវិធីនោះដែរ លោក Jonathan Yap ប្រធានផ្នែកគ្រប់គ្រង និងកិច្ចការសាជីកម្ម របស់ក្រុមហ៊ុន ស្មាត (Smart Axiata) បានអោយដឹងថា ការប្រកួត បាល់ទាត់ពិភពលោក ជនគ្មានទីពឹង បានផ្តល់ឪកាសជាច្រើន សម្រាប់ក្មេងៗ កម្ពុជា ពីអង្គការ HFCA ក្នុងការបង្ហាញ សមត្ថភាព ទាត់បាល់ ក្នុងអំឡុងពេលទៅលេង នៅក្រៅប្រទេស និងជួបជាមួយមិត្តភ័ក្តិ មកពីប្រទេសផ្សេងៗ ផងដែរនោះ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក ជនគ្មានទីពឹង បានធ្វើឡើងតាំងពីឆ្នាំ២០០៣មកម៉្លេះ ដែលពេលនោះ មានត្រឹមតែ១៨ក្រុមប៉ុណ្ណោះ បានចូលរួម។ នៅឆ្នាំ២០១៩នេះ មាន៧២ក្រុម មកពី៤៨ប្រទេសចូលរួម នៅក្នុងព្រឹត្តិការណ៍ ដ៏ធំបំផុតមិនធ្លាប់មាន។ អង្គការបាល់ទាត់រីករាយ កម្ពុជាអូស្រ្តាលី HFCA ដែលបានសម្របសម្រួល អោយមាន វត្តមានរបស់ក្រុមកីឡាករ អោយមាននៅក្នុងព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា បានចូលរួមការប្រកួតនេះដំបូងបង្អស់ នៅឆ្នាំ២០០៨ ខណៈពេលដែលការប្រកួតនេះ បានកំពុងប្រារព្ធធ្វើនៅទីក្រុងម៉ែលបន ប្រទេសអូស្រ្តាលី។

ការចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ពិភពលោកជនគ្មានទីពឹង បានជួយដល់យុវជនវ័យក្មេង របស់កម្ពុជា៦០នាក់ ឲ្យមានឪកាសផ្លាស់ប្តូរ ជីវិតរបស់ពួកគេ នៅក្នុងទសវត្សន៍ ចុងក្រោយនេះ ដែលក្នុងនោះមានយ៉ាងហោចណាស់១០នាក់ បានក្លាយជាគ្រូបង្វឹក និងមួយចំនួនទៀតធ្វើការក្រៅម៉ោង ជាមួយអង្គការ HFCA ដើម្បីហ្វឹងហាត់កីឡាករបាល់ទាត់ជំនានក្រោយ៕

Loading...