សាហាវមែន! បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុប ត្រូវជនសង្ស័យកាប់ស្លាប់ ប្លន់យកម៉ូតូដោយសុវត្តិភព

July 05, 2019 405

កំពង់ឆ្នាំង ៖ ស្រៀវណាស់!!! ហៅម៉ូតូឌុបជិះយកទៅអារកសម្លាប់ប្លន់យកម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ រួចយកម៉ូតូទៅបាត់ដោយសុវត្ថិភាព នៅវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លាស់ យ៉ាន អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មានទីលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ផ្នែក.ក និងក្បាលជាច្រើនកន្លែង ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានចេញពីផ្ទះទៅរត់ម៉ូតូឌុប ដោយជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី០១១ ពាក់ស្លាកលេខ បាត់ដំបង 1K-6043 មកឈរចាំនៅចំណុចដរចម្លងទទឹង ភូមិចុងកោះ ដូចសព្វដងពេលនោះ ក៏មានជនសង្ស័យម្នាក់អាយុប្រមាណជាជាង២០ឆ្នាំ បានហៅម៉ូតូឌុបជនរងគ្រោះខាងលើ ជិះពីកំពង់ផែឆ្ពោះទៅផ្សារមាស លុះពេលទៅដល់ចំណុចកើតហេតុ បានឲ្យជនរងគ្រោះឈប់ម៉ូតូហើយ ក៏ធ្វើសកម្មភាពចាប់អាករប្លន់យកម៉ូតូ ប៉ុន្តែពេលនោះជនរងគ្រោះបានប្រតាយប្រតប់ រួចជនដៃដល់ក៏យកកាំបិតចាក់ជនរងគ្រោះ ត្រូវក្បាលជាច្រើនកន្លែង បន្ទាប់មកជនដៃដល់ក៏បានធាក់ជនរងគ្រោះ បណ្ដាលឲ្យដួលសន្លប់ហើយក៏យកម៉ូតូគេចជិះគេចខ្លួនបាត់ស្រមោលទៅ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋប្រទះឃើញ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះដល់ទីតាំងរកឃើញកាំបិត ចិតបន្លែដងខ្មៅ មួយ ប្រឡាក់សុទ្ធតែឈាម ក្រុមកម្លាំងជំនាញសន្និដ្ឋានថា ជារបស់ជនដៃដល់។ ករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខជនបង្កដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Loading...