រុស្ស៊ី ប្រកាសដោយឥតលាក់លៀមថា ប្រព័ន្ធមីស៊ីល S-500 គឺសម្រាប់កម្ទេចសត្រូវពីទីអវកាស

July 09, 2019 153

មូស្គូ ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយថា រុស្ស៊ី ប្រកាសដោយឥតលាក់លៀមថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មីរបស់រុស្ស៊ី គឺ S-500 នឹងត្រូវមានតួនាទីជាចម្បងក្នុងការទប់ស្កាត់ការវាយប្រហារ ដែលមានប្រភពមកពីទីអវកាស ខណៈដែលសហរដ្ឋអាមេរិកកំពុងតែមានគំរោងបង្កើតកងទ័ពអវកាស ដោយសំអាងថា ដើម្បីការពារការវាយប្រហារណាមួយពីទីអវកាសដូចគ្នា។

កាលពីចុងខែមិថុនាកន្លងទៅ ក្រុមហ៊ុនផលិតសព្វាវុធដ៏ធំប្រចាំប្រទេសរុស្ស៊ី រ៉ូសតិច (Rostec) បានបង្ហើបឲ្យដឹងដែរថា រុស្ស៊ីបានចាប់ផ្តើមការផលិតប្រព័ន្ធមីស៊ីលការពារអាកាស ដែលកាន់តែទំនើប និងមានសមត្ថភាពខ្លាំងនេះហើយ។ លោក Muravkin បានបញ្ជាក់ថា នាពេលអនាគតដ៏ខ្លីខាងមុខ ព្រំដែនរវាងផ្ទៃអាកាស និងទីអវកាស នឹងត្រូវបានរលុបបាត់ ដោយសារសត្រូវដែលស្ថិតនៅលើផ្ទៃអាកាស នឹងប្រែក្លាយទៅជាសត្រូវ ដែលមកពីទីអវកាសវិញម្តង។ ដូច្នេះហើយទើបប្រព័ន្ធ S-500 នឹងមានគោលដៅចម្បង ដើម្បីទប់ទល់ជាមួយអាវុធរបស់សត្រូវដែលមកពីទីអវកាស។

គួរជម្រាបថា ប្រព័ន្ធការពារគ្រាប់មីស៊ីល S-500 Prometey (ប្រូម៉េតី) គឺប្រព័ន្ធការពារប្រឆាំងនឹងគោលដៅលើផ្ទៃអាកាស ឬក៏មីស៊ីលផ្លោងបាលីស្ទិក ដែលមានអានុភាពខ្លាំងជាងប្រព័ន្ធ S-400 ដែលជាស៊េរីមុន។ យោងតាមបណ្តាញព័ត៌មានរុស្ស៊ី ប្រព័ន្ធ S-500 មានសមត្ថភាពកម្ទេចគោលដៅ នៅចម្ងាយរហូតដល់ ៦០០គីឡូម៉ែត្រពីវាបាន ហើយប្រព័ន្ធមីស៊ីលនេះក៏អាចចាប់សញ្ញា និងវាយប្រហារព្រមៗគ្នាលើគោលដៅចំនួន ១០ ដែលហោះក្នុងល្បឿន ០៧គីឡូម៉ែត្រក្នុងមួយវិនាទី ពោលគឺលឿនជាងល្បឿនសំឡេង ២០ដងថែមទៀតផង៕

Loading...