ផ្ទុះធុងហ្គាសកក្រើកមេឃ បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល៤នាក់ នៅស្រុកកំពង់ត្រឡាច

July 10, 2019 112

កំពង់ឆ្នាំង ៖ ខណៈកំពុងអង្គុយបញ្ចូលហ្គាសសុខៗ ស្រាប់តែផ្ទុះហ្គាសធុងធំ និងកំប៉ុងតូចៗ បណ្ដាលមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល កាលពីម៉ោង៥និង៤០នាទីល្ងាច នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិច្រក រមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ នេះបើយោតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ។

បើតាមលោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ផ្ទះកើតហេតុគឺជាផ្ទះទាមតូច បើកលក់ហ្គាស់។ មុនពេលកើតហេតុ បុរសជាប្តីបានបើកធុងហ្គាសធំ រួចបញ្ចូលទៅកំប៉ុងតូចៗ ដើម្បីលក់បន្ត។ ស្រាប់តែពេលនោះវា ក៏ធ្លាយទុយោធុងហ្គាសធំ បុរសជាប្តីជនរងគ្រោះក៏ភ័យស្លន់ស្លោ ហើយក៏បានហៅគេឲ្យ ជួយ ស្រាប់បុរស២នាក់ស្ទុះរត់ចូល ទៅជួយគាត់ស្រាប់តែផ្ទុះធុងហ្គាស នោះឡើងបណ្តាលឲ្យឆេះ និងរងរបួសតែម្តង។

លោកអធិការបន្តថា ជនរងគ្រោះមានឈ្មោះ ១/ម៉ាត់ សឹម ប្រុស អាយុ ៥៤ឆ្នាំ របួសធ្ងន់ ២/ម៉ាត់ អាមីន ភេទប្រុស អាយុ ៣២ឆ្នាំ របួសធ្ងន់ ៣/អៃ នី ភេទស្រី អាយុ ១៥ឆ្នាំ របួសធ្ងន់ (ជងរងគ្រោះទាំង ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ភ្នំពេញ) ៤/ពីន ភេទប្រុស អាយុ ២៨ឆ្នាំ របួសស្រាល (សង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក និងបានវិលត្រឡប់ទៅផ្ទះវិញ)។

លោកអធិការបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ ផ្ទុះឆេះនេះមកពីមានការធ្វេសប្រហែស ពេលបញ្ចូលហ្គាសបិទមិនជិត បណ្ដាលឲ្យផ្ទុះពីកំប៉ុងតូច និងឆេះរាលដល់ធុងហ្គាសចំណុះ ១០គីឡូ៕

Loading...