NASA កំពុងព្យាយាមរក្សាឲ្យយានអវកាសដ៏ចំណាស់បំផុតទាំងពីរគ្រឿងរបស់ខ្លួន បន្តប្រតិបត្តិការពួកវា នៅក្រៅប្រព័ន្ធព្រះអាទិត្យ

July 11, 2019 152

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ទី បានឲ្យដឹងថា ភ្នាក់ងារអវកាសអាមេរិក NASA កំពុងអនុវត្តផែនការថ្មីមួយ ដែលមានគោលដៅរក្សាឲ្យយានអវកាស Voyager ទី១ និង Voyager ទី២ ដែលជាយានចំណាស់បំផុតរបស់ខ្លួន អាចបន្តប្រតិបត្តិការរបស់ពួកវាបានតទៅមុខទៀត។

យានអវកាស Voyager 1 និង 2 របស់ NASA បានស្ថិតក្នុងទីអវកាសអស់រយៈពេលជិត ៤២ឆ្នាំហើយ ពោលគឺពួកវាដំណើរការ បានយូរជាងយានអវកាសណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្រ្ត។ ដូច្នេះហើយ ដើម្បីធានាថាយានដ៏ចំណាស់ទាំងពីរគ្រឿងនឹង នៅតែអាចបន្តប្រតិបត្តិការទៅមុខតទៀតបាន ក្រុមវិស្វករនៃបេសកកម្មទាំងនេះ កំពុងអនុវត្តផែនការថ្មីមួយ ដែលក្នុងនោះមាន ជាប់ពាក់ព័ន្ធការសម្រេចចិត្តដ៏លំបាកៗថា តើឧបករណ៍និងម៉ាស៊ីនណាខ្លះ ដែលត្រូវរក្សាទុកឲ្យដំណើរការ និងណាខ្លះដែលត្រូវបិទជាបន្តទៀត។

គួរជម្រាបថា យានអវកាស Voyager 1 និង Voyager 2 ត្រូវបានបញ្ជូនចេញពីផែនដីកាលពីឆ្នាំ១៩៧៧ ហើយបច្ចុប្បន្នយានទាំង ពីរគ្រឿងកំពុងស្ថិតនៅតំបន់ដែលគេហៅថាតំបន់ចន្លោះប្រព័ន្ធផ្កាយ ឬ interstellar space ក្រោយពីពួកវាបានចេញផុតពីប្រព័ន្ធ ព្រះអាទិត្យ ខណៈឥឡូវនេះ Voyager 1 ស្ថិតនៅចម្ងាយ២១.៨ពាន់លានគីឡូម៉ែត្រពីផែនដី រីឯ Voyager 2 នៅចម្ងាយប្រមាណ ១៨ពាន់លានគីឡូម៉ែត្រពីភពរបស់យើង។ យ៉ាងណាមិញ ពួកវាកាន់តែចុះខ្សោយថាមពលខ្លាំងទៅៗ ដែលពិបាកក្នុងការរក្សាដំណើរការឧបករណ៍ វិទ្យាសាស្រ្ត ក៏ដូចជាម៉ាស៊ីនកម្តៅដែលមានតួនាទីផ្តល់កម្តៅឲ្យយានទាំងពីរគ្រឿង នៅក្នុងសីតុណ្ហភាពដ៏សែនត្រជាក់នៃលំហអវកាស៕

Loading...