គប់បំបែកកញ្ចក់អគារខុនដូរ TIME CENTER លួចយកទូរទស្សន៍ និងម៉ាស៊ីនកុំព្យូទ័រ ចៃដន្យស៊ីរ៉ែនរោទិ៍ ផ្អើលប៉ូលិសខណ្ឌ៧មករា ចុះអន្តរាគមន៍ទាំងយប់

July 12, 2019 107

ភ្នំពេញ ៖ ក្រុមជនសង្ស័យគប់បំបែកកញ្ចក់អគារពាណិជ្ជកម្ម ទិញ-លក់ខុនដូរ TIME CENTER ចូលទៅរើកកាយពេញក្នុងអគារ លួចយកបានទូរទស្សន៍ LED ៣គ្រឿង លើកយកចេញមកខាងក្រៅហើយ និងម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀតចេញមក ស្រាប់តែសំលេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹងពេញអគារ ហើយអំពូលភ្លើងលោតបើកភ្លឺភ្លឹបភ្លែតៗ ធ្វើឲ្យជនសង្ស័យមានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកវិញ ហើយរត់គេចខ្លួនបាត់ កាលពីវេលាម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចអគារ ពាណិជ្ជកម្មទិញ-លក់ខុនដូរ TIME CENTER ជាប់ពហុកីឡដ្ឋានជាតិអូរឡាំពិក លើផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមលោក ហេង សំអូន ប្រធានគ្រប់គ្រងគម្រោងសន្តិសុខ ESS  បានរៀបប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមចោរបានធ្វើសកម្មភាព គប់ទម្លុះជញ្ជាំងកញ្ចក់អគារពានិជ្ជកម្ម ទិញ-លក់ខុនដូរ TIME CENTER កើតហេតុខាងលើ ហើយបើតាមគាត់បានមើលកាមេរ៉ាសុវត្ថិភាព ជាមួយក្រុមបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព ដែលចុះមកបើកពិនិត្យមើល ឃើញជនសង្ស័យចូលទៅរើកកាយ រករបស់មានតម្លៃពេញក្នុងអគារ តែពុំមានអ្វីយកបាន ព្រោះសុទ្ធតែជារបស់ Show Room ទើបជនសង្ស័យមកលួចយកទូរទស្សន៍ LED ម៉ាក TOSHIBA ចំនួន៣គ្រឿង លើកយកចេញមកខាងក្រៅតាមកន្លែងដែលបំបែកកញ្ចក់ចូលលួចនោះ និងបានចូលលើកយកម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀត ចេញមកទុកក្បែរកន្លែងបំបែកកញ្ចក់នោះទៀត ស្រាប់តែសំលេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹងពេញអគារ ហើយអំពូលភ្លើងលោតបើកភ្លឺភ្លឹបភ្លែតៗ ធ្វើឲ្យជនសង្ស័យមានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកវិញ ហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា ចុះមកឡោមព័ទ្ធពិនិត្យមើលផងដែរ។

ក្រោយមកសមត្ថកិច្ចខណ្ឌ៧មករា រួមទាំងលោកអធិការខណ្ឌ៧មករា ចុះមកកន្លែងកើតហេតុ និងទំនាក់ទំនងទៅម្ចាស់អគារពានិជ្ជកម្ម ខាងលើ ចុះមកបើកសោឲ្យសមត្ថកិច្ចចូលទៅត្រួតពិនិត្យ និងរុករកពេញអគារ តែពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ឃើញតែស្នាមបាក់ពិដាន ដែលធ្វើពីម្នាងសិលាមកប៉ុណ្ណោះ និងទូរទស្សន៍ LED ទាំង៣គ្រឿង និងម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ដែលទុកតាំងលើតុ Show Room ជាន់ផ្ទាល់ដី ត្រូវបានជនស្ស័យលួចយកចេញទៅ តែដោយសារតែសំលេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹងពេញអគារ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែទូរទស្សន៍ LED  ទាំង៣គ្រឿង នៅខាងក្រៅអគារតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករា និងក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព បានរាយការណ៍ជូនថ្នាក់លើរាងខ្លួនៗ ដើម្បីរងចាំខាងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមជំនាញបន្ត ដើម្បីកំណត់មុខសញ្ញាតាមចាប់យកមកផ្ដន្ទាទោសឲ្យខានតែបាន៕

Loading...