សម្តេចតេជោ ហ៊ុន សែន កំពុងពិភាក្សាសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥

July 12, 2019 136

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំពុងតែចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១២ កក្កដា។

សេចក្តីព្រាងយុទ្ធសាស្រ្តជាតិនេះ ផ្អែកលើយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចឲ្យរៀបចំ “យុទ្ធសាស្រ្តជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ” ដើម្បីឲ្យការរៀបចំសេចក្តីព្រាង យុទ្ធសាស្រ្តថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅគ្រប់ជ្រុងជ្រោយ គណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ បានសម្រេចបង្កើតក្រុមការងារអន្តរ ក្រសួងមួយដឹកនាំដោយធនាគារជាតិនៃកម្ពុជា និងមានក្រសួង-ស្ថាប័ន។

សេចក្តីព្រាងយុទ្ធសាស្រ្តជាតិនេះ ត្រូវបានពិគ្រោះយោបល់យ៉ាង ទូលំទូលាយក្នុងកិច្ចប្រជុំ អន្តរក្រសួងចំនួន៦លើក ហើយត្រូវបានអនុម័តដោយគណៈកម្មាធិការ ដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ និងដោយគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

សេចក្តីព្រាងច្បាប់យុទ្ធសាស្រ្តជាតិ ស្តីពី “បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥” ត្រូវបានរៀបចំឡើងស្របតាមចក្ខុវិស័យនៃ “យុទ្ធសាស្ដ្រចតុកោណ” ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ និងកំណត់វិធានការជាក់ស្ដែងជាអាទិភាព ក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

យុទ្ធសាស្ត្រជាតិនេះ នឹងចូលរួមកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៅកម្ពុជា ជាពិសេសចំពោះស្រ្តីប្រជាជន ដែលមានប្រាក់ចំណូលទាប និងសហគ្រាសធុនតូចនឹងមធ្យម ព្រមទាំងគាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជាមួយគ្នាផងដែរយុទ្ធសាស្ត្រជាតិនេះមាន គោលដៅបង្កើនលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ ទទួលបានសេវាហិរញ្ញវត្ថុ ឲ្យបានពាក់កណ្ដាលពី ២៧% មក១៣% និងពង្រីកការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លុវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច៕

Loading...