អាស៊ាន ដាក់ចេញផែនការសកម្មភាពរួម ដើម្បីអភិវឌ្ឍន៍តំបន់អាស៊ាន ជាគោលដៅទេសចរណ៍តែមួយ

July 12, 2019 87

ភ្នំពេញ ៖ នាអំឡុងកិច្ចប្រជុំស្ថាប័ន ទេសចរណ៍អាស៊ានលើកទី៥០ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨-១២ ខែកក្កដា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍អាស៊ានទាំង១០ និងលេខាធិការដ្ឋានអាស៊ាន បានជួបប្រជុំជាមួយគ្នា ដោយបានដាក់ចុះនូវផែនការសកម្មភាព ឆ្នាំ២០២០-២០២១ ស្របតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥។

ផែនការទាំងនោះរួមមាន៖ ទី១-ពង្រឹងការផ្សព្វផ្សាយ ទេសចរណ៍អាស៊ានតាមប្រព័ន្ធឌីជីថល អនឡាញ និងប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀត។

ទី២-ជំរុញការបង្កើតផលិតផលថ្មីៗ ដោយផ្តោតសំខាន់លើ ទេសចរណ៍ម្ហូបអាហារ តាមរយៈការរៀបចំផែនការអភិវឌ្ឍ ទេសចរណ៍ចំណីអាហារអាស៊ាន ការបង្កើតបណ្តាញអ្នកជំនាញអាស៊ាន ផ្នែកចំណីអាហារ ការជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ក៏ត្រូវបានជំរុញបន្ថែមតាមរយៈ ការបង្កើតខ្សែទស្សនកិច្ច រវាងប្រទេសជាប់ព្រំដេនគ្នា។ ទន្ទឹមនឹងនោះ ទេសចរណ៍សាសនា ពិធីបុណ្យ ក៏ត្រូវបានជំរុញជាអាទិភាពផងដែរ។

ទី៣-ការអភិវឌ្ឍធនធានមនុស្ស ដោយបន្តពង្រឹងការអនុវត្ត កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍ (MRA)។

និង៤-ការជំរុញការវិនិយោគក្នុង វិស័យទេសចរណ៍អាស៊ាន តាមរយៈការធ្វើការផ្សព្វផ្សាយ នៅក្រៅប្រទេសរួមគ្នា ការជំរុញការហោះហើរផ្ទៃក្នុង និងការសម្រួលការធ្វើដំណើរ៕

Loading...