នាយករដ្ឋមន្រ្តីកម្ពុជា៖ EBA ក្លាយជាស្រមោល ខណៈកិច្ចសហការកម្ពុជា-EU គឺជាមូលដ្ឋានគ្រឹះ នៃពាណិជ្ជកម្មកម្ពុជា

July 12, 2019 118

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ គ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) បានក្លាយស្រមោលទៅហើយ ខណៈកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-សហភាពអ៊ឺរ៉ុប (EU) គឺជាមូលដ្ឋានគ្រឹះ និងទិសដៅ នៃពាណិជ្ជកម្មកម្ពុជា។

សូមរំលឹកថា សហភាពអ៊ឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការ ផ្អាកជាបណ្តោះអាសន្ន លើប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈានទៅរកការព្យួរ នាខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងរយៈពេល១២ខែនេះ មានការបែងចែកដំណាក់កាលត្រួតពិនិត្យយ៉ាងហ្មត់ចត់ រយៈពេល៦ខែ (គិតចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៩ តទៅរហូតដល់ ខែកក្កដា ២០១៩)។ ត្រូវសរសេររបាយការណ៍ និងប្រមូលភស្តុតាង៣ខែ (ខែសីហា រហូតដល់ ខែតុលា ២០១៩)។ ទទួលយកការបកស្រាយ និងឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១ខែ (ខែវិច្ឆិកា ដល់ខែធ្នូ ២០១៩)។

ក្នុងកិច្ចប្រជុំពេញអង្គ របស់គណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីទិដ្ឋភាព នៃទស្សនកិច្ចនៅអឺរ៉ុប ដែលសម្ដេចជួបជាមួយថ្នាក់ដឹកនាំ EU អ្វីដែលគេបានលើកនោះ គឺកិច្ចសហប្រតិបត្តិការណ៍ ពាណិជ្ជកម្ម តែប៉ុណ្ណោះ។

សម្ដេចតេជោថា “ រីឯបញ្ហា EBA ដូចបានក្លាយជាស្រមោលទៅហើយ។ កិច្ចសហការពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រជាជាតិដែលជាសមាជិកEU គឺជាមូលដ្ឋានគ្រឹះ និងទិសដៅ នៃពាណិជ្ជកម្មកម្ពុជា”។

ឆ្លៀតឱកាសនៅក្នុងកិច្ចប្រជុំរបស់គណៈរដ្ឋមន្ដ្រី សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ ទៅលើកិច្ចអន្តរាគមន៍ ដោះស្រាយទៅលើបញ្ហា ជំងឺប៉េស្តជ្រូក និងជំងឺគ្រុនឈាម។សម្តេច រំលឹកសារជាថ្មី ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ នៅក្នុងបញ្ហាទាំងពីរនេះ៕

Loading...