ម៉ិចក៏ចឹង! ប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំ មិនយកអ្នកសង្កេតការណ៍ពី ACU

July 12, 2019 340

ភ្នំពេញ ៖ សម្រាប់សម័យប្រឡងសញ្ញាបត្រទុតិយភូមិ មធ្យមសិក្សា ឬបាក់ឌុបឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា មិនយកអ្នកសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នោះទេ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ថា អ្នកសង្កេតការណ៍ឆ្នាំនេះ មិនបានយកពីអង្គភាពប្រឆាំង អំពើពុករលួយនោះទេ ប៉ុន្តែក្រសួងយកសមាសភាព អ្នកសង្កេតការណ៍ពីក្រសួងផ្ទាល់ គឺមានបុគ្គលិក អប់រំ គរុសិស្ស និងនិស្សិត។

ទាក់ទងនិងការអង្គភាព ប្រឆាំងអំពើពុករលួយ មិនដាក់អ្នកសង្កេតការណ៍ ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ៥ឆ្នាំហើយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលខុសត្រូវក្នុងការពង្រាយ អ្នកសង្កេតការណ៍ ក៏ប៉ុន្តែអង្គភាពប្រឆាំង អំពើពុករលួយ នៅឆ្នាំនេះសម្រេចថា នឹងមិនពង្រាយអ្នក សង្កេតការណ៍ទៀតទេ។ លោកថា អង្គភាពប្រឆាំងអំពើពុករលួយ បានស្នើសុំឲ្យក្រសួងអប់រំ ពង្រឹងយន្តការរបស់ក្រសួង គឺយន្តការអប្បមានេះតែម្តង។

លោកបញ្ជាក់ថា "ពីពេលមុនយើង មានអ្នកសង្កេតការណ៍ដើរ មើលទៅតាមថ្នាក់ ឥឡូវនេះ គឺយើងបង្កើនចំនួនអប្បមា ក៏ដូចជាជំនួយការ អប្បមាដែលត្រូវបានជ្រើសរើស ពីក្នុងចំណោមមន្ត្រីអប់រំ ក៏ដូចជាក្នុងចំណោមគរុសិស្ស-និស្សិត ដើម្បីឲ្យគាត់ដើរ ពិនិត្យមើលសង្កេតថ្នាក់នេះ"។

យ៉ាងណាក្តីបើតាម លោក រស់ សុវាចា ទោះបីមិនមានអ្នកសង្កេត ការណ៍ពីACU ក៏ដោយ ក៏ការផ្លាស់ប្តូរនេះ មិនមានប៉ះពាល់ទៅដល់គុណភាពការប្រឡងទេ ដោយសារតែក្រសួងបានបន្តសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់ ដែលកើតមានឡើង ប្រសិនបើមានអំពើពុករលួយកើតឡើង។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងអប់រំ ក៏បានឲ្យដឹងទៀត ក្រសួងបានបែងចែកគណៈកម្មការទូទាំងប្រទេសដែលជាអ្នកទទួលខុសត្រូវនៅតាមរាជធានី-ខេត្តទាំង២៥។ បន្ទាប់មកទៀតគឺក្រសួង ចាត់តាំងអ្នកទទួលបន្ទុកក្នុង ការរៀបចំការប្រឡង ហើយបន្ទាប់មកមានអប្បមាដែលជាអ្នកត្រួតពិនិត្យទៅលើការងារប្រធានមណ្ឌល។

លោកបន្ថែមថា ប្រធានមណ្ឌលប្រឡងដើរតួរជាតំណាង របស់រដ្ឋមន្ត្រីក្រសួងអប់រំ នៅក្នុងមណ្ឌលតែម្តង។ ដោយឡែកអប្បមាត្រួតពិនិត្យបន្ថែមទៀត នៅក្នុងមណ្ឌលប្រឡងនីមួយៗ ដោយមានការគាំទ្រពីសំណាក់ជំនួយការអប្បមា ដើម្បីជួយត្រួតពិនិត្យនៅក្នុងបន្ទប់ប្រឡងតែម្តង។ ក្រសួងអប់រំ មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធានាគុណភាពការប្រឡង បាក់ឌុបនេះឲ្យមានដំណើរការ ទៅបានល្អដោយឈរលើគោល ការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្រសួងក៏បានអំពាវនាវឲ្យបេក្ខជន បុគ្គលិកអប់រំ មាតាបិតា និងគ្រប់ភាគីពាក់ពន្ធ័ ចូលរួមចំណែកក្នុងការធានាធ្វើយ៉ាងណាឲ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅប្រកបដោយស្តង់ដារខ្ពស់ ហើយបេក្ខជន និងបុគ្គលិកអប់រំត្រូវគោរពបទបញ្ញត្តិ។

អ្នកនាំពាក្យដដែលក៏បានឲ្យដឹងថា សម្រាប់ចំនួនអប្បមា នឹងត្រូវបន្ថែមច្រើនជាងការប្រឡងឆ្នាំមុនៗ ហើយអ្នកទាំងនោះ បានបណ្តុះបណ្តាលសមត្ថភាពបន្ថែមផងដែរ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១២ កក្កដា នេះ ក្រសួងអប់រំ បានបញ្ជាក់ទិន្នន័យបណ្ដោះអាសន្ន សម្រាប់ការប្រឡង មានមណ្ឌលសរុប២០២មណ្ឌល ក្នុងនោះថ្នាក់ វិទ្យាសាស្រ្តមាន៧៥មណ្ឌល និង វិទ្យាសាស្ត្រសង្គមមាន១២៧មណ្ឌល មាន៤៨០៩បន្ទប់ បេក្ខជនសរុប១១៩២១៧ ស្រី ៦១០៣១ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ចំនួន៤៥៤១៤ ស្រី២៥៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ចំនួន ៧៣៨០៣ ស្រី៣៥៥០៥៕

Loading...