ក្រោយកោះតៃវ៉ាន់ ទិញអាវុធថែម ចិនធ្វើសមយុទ្ធយោធា នៅតំបន់ឆ្នេរភាគអាគ្នេយ៍

July 15, 2019 99

ប៉េកាំង ៖ យោធាប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើសមយុទ្ធយោធា ដែនអាកាសនិងទ័ពជើងទឹក នៅតាមតំបន់ឆ្នេរភាគអាគ្នេយ៍ បន្ទាប់ពីមានការលក់អាវុធដ៏ថ្មីបំផុត ពីសហរដ្ឋអាមេរិក ឲ្យទៅកោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថា ជាខេត្តមួយរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការដ៏សង្ខេបខ្លីមួយ និងដោយមិនផ្តល់ទីតាំង ភូមិសាស្ត្រពិតប្រាកដនោះ ក្រសួងការពារជាតិនៃប្រទេសចិន បាននិយាយប្រាប់ថា កងទ័ពការពារជាតិចិន ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានប្រារព្ធធ្វើសមយុទ្ធយោធា ហើយសមយុទ្ធយោធានោះ គឺជាការរៀបចំតាមប្រក្រតី ដោយអនុលោមទៅតាម ផែនការយោធាប្រចាំឆ្នាំ។

គួរបញ្ជាក់ថា តំបន់ឆ្នេរភាគអាគ្នេយ៍ គឺជាតំបន់មួយក្នុងចំណោមតំបន់ ដ៏រសើបបំផុតនានារបស់ប្រទេសចិន ស្របពេលដែលប្រទេសនេះ ប្រឈមមុខដាក់គ្នានឹងកោះតៃវ៉ាន់ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយប្រទេសចិន តែងចាត់ទុកកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ថាជាខេត្តនៅឆ្ងាយមួយរបស់ខ្លួន ដែលនឹងត្រូវប្រើកម្លាំង ដណ្ដើមយកត្រឡប់មកវិញ ប្រសិនបើចាំបាច់៕

Loading...