អុញនោះ! ឃើញដើរផ្សព្វផ្សាយពុះដីឡូតិ៍លក់ស្ទើរគ្រប់ខេត្ត ពេលនេះ អគ្គនាយកក្រុមហ៊ុន ENARITA ត្រូវប៉ូលិសចាប់ ករណីឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ

July 18, 2019 108

ភ្នំពេញ ៖ មានការផ្អើលយ៉ាងខ្លាំង ក្រោយបែកធ្លាយរឿងសមត្ថកិច្ចចម្រុះ ចុះចាប់ខ្លួនអ្នកជំនួញដីឡូតិ៍ដ៏ល្បី ម្ចាស់ក្រុមហ៊ុន Enarita លោក ឌីម សួនណាត ពីបទឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ។

តាមប្រភពរបស់ជនរងគ្រោះ បានឲ្យដឹងថា លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ ក្រុមហ៊ុន អ៊ីណារីតា ឯ.ក (ENARITA DEVELOPMENT CO.,LTD.) បានភូតភរ និងឆរបោកជាច្រើនលើក ហើយបានចេញសែកសងលុយប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជាច្រើននាក់ ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹក ប្រមាណ២០០ជិត៣០០លានដុល្លារ។

ប្រភពដដែលបានបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីជនរងគ្រោះ ណាត់ហូបបាយជួបគ្នាដោះស្រាយ នៅភោជនីយដ្ឋានមួយកន្លែង ហើយក៏ជូនដំណឹងដល់សមត្ថកិច្ចចម្រុះចុះមកឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ ក្រោយឃាត់ខ្លួនហើយ សមត្ថកិច្ចបញ្ចូនខ្លួនទៅក្រសួងមហាផ្ទៃ ត្រៀមឡើងតុលាការ ខណៈមានពាក្យបណ្តឹងរបស់ជនរងគ្រោះមិនតិចជាង៧នាក់ឡើយ។

សូមរំលឹកថា លោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ Enatita ដែលទើបល្បីឈ្មោះក្នុងឆ្នាំនេះផ្ទុះខ្លាំងលើការរកស៊ីពុះដីឡូតិ៍ក្នុងខេត្តធំៗជាច្រើន។ ក្រុមហ៊ុននេះតែងតែផ្សព្វផ្សាយប្រកាសលក់ដីនៅក្នុងតំបន់ទេសចរណ៍ ដើម្បីផ្ដល់ឱកាសអោយអតិថិជនមានលទ្ធភាពទិញដីទុកធ្វើផ្ទះលម្ហែកាយ។

មួយរយៈពេលប៉ុន្មានខែនេះមាន សន្ទុះល្បីឈ្មោះយ៉ាងខ្លាំង ដោយប្រើវិធីប្រូម៉ូហ្សិនទិញដីបញ្ចុះតម្លៃ និងបន្ថែមរង្វាន់ផ្សេងៗ ដូចជាទូរស័ព្ទ និងរង្វាន់ផ្សេងៗ គឺរឹតតែធ្វើអោយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែទទួលបានការចាប់អារម្មណ៍ និងមានការឈានឡើងក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែចុងក្រោយមកផ្ទុះរឿងអគ្គនាយកក្រុមហ៊ុន ឆបោក និងចេញសែកស្អុយ រហូតគេប្តឹងយ៉ាងទៅវិញ៕

Loading...