កង់ចំនួន៤០០គ្រឿង ជាជំនួយរបស់អង្គការ (KJO) ត្រូវបានរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នាំយកទៅចែកជូនសិស្សានុសិស្សក្រីក្រ មកពី២៦សាលារៀន នៅក្នុងស្រុកស្ទឹងត្រង់

July 18, 2019 77

កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត និងលោកលោកស្រី នៅថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកង់ជូនដល់សិស្សានុសិស្សក្រីក្រ ចំនួន៤០០គ្រឿង មកពី២៦សាលារៀន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

កង់ចំនួន៤០០គ្រឿង គឺជាអំណោយ របស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន និងអាស៊ីអាស្តេការ។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អគ្គនាយក អភិបាលរងខេត្ត ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្រុមប្រឹក្សាឃុំត្បូងឃ្មុំ មេឃុំ លោកគ្រូ អ្នកគ្រូ សមាជិកសមាជិកាអង្គការ មាតាបិតាសិស្ស សិស្សានុសិស្សក្រីក្រប្រមាណ១០០០នាក់។

ថ្លែងសំណេះសំណាលជាមួយសិស្សានុសិស្ស នឹងមាតាបិតា នាឱកាសនោះ រដ្ឋមន្ត្រី វង សូត បាន លើកឡើងថា ក្រោមកិច្ចសហការជាមួយអង្គការកុមារអាស៊ីអាស្ដេកា និងអង្គការកុកិសៃ KJO ជប៉ុន ដែលផ្ដល់ជំនួយជាកង់ចំនួន ៤០០គ្រឿង បន្ថែមសម្រាប់ធ្វើ ការចែកជូនដល់ក្មួយៗកុមារ សិស្សានុសិស្សក្រីក្រចំនួន២៦សាលា នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នេះជាលើកទី៧១ហើយសរុបកង់ ២៧.៧៣០គ្រឿង ដែលអង្គការទាំង២នេះ បានផ្ដលអំណោយជាកង់សម្រាប់ ចែកជូនដល់ក្មួយៗសម្រាប់ជាមធ្យោបាយធ្វើដំណើរងាយស្រួលក្នុងការសិក្សារៀនសូត្រ។

ជាមួយគ្នានោះ រដ្ឋមន្ត្រី វង សូត បានផ្ដាំផ្ញើ ដល់ក្មួយៗកុមារទាំងអស់ សូមឲ្យក្មួយៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រ ស្ដាប់បង្កាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀន សូត្រឲ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សសម្រាប់បន្តវេណ មនុស្សជំនាន់ក្រោយៗទៀត។

លោក វង សូត បានលើកឡើងបន្ថែមថា នៅពេលដែលក្មួយៗ ទទួលបាននូវកង់ដល់ស្រស់ស្អាតនេះ ត្រូវចេះថែរក្សាឲ្យបានគង់វង្ស និងសូមក្មួយៗ ជិះកង់ដោយប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ចាប់ខ្ជួន ដើម្បីបង្ការ កុំឲ្យមានគ្រោះថ្នាក់ ចរាចរបណ្ដាលឲ្យខាតបង់ទ្រព្យសម្បត្តិ ប្រាក់កាស អាយុជីវិត និងពេលវេលារៀនសូត្រទៀតផង៕

Loading...