សម្តេចក្រឡាហោម ថា ពលរដ្ឋមួយចំនួន ខ្លាចនគរបាល ជាងខ្លាចច្បាប់ ទើបបង្កគ្រោះថ្នាក់ចរាចរណ៍

July 18, 2019 74

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ប្រជាពលរដ្ឋមួយចំនួន នៅតែខ្លាចនគរបាល ជាងខ្លាចច្បាប់ ទើបបង្កគ្រោះថ្នាក់ដោយសារ មិនគោរពច្បាប់ចរាចរណ៍។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ សម្ដេច ស ខេង បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវ បានរកឃើញមូលហេតុសំខាន់ៗ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះ កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កាន់តែចង្អៀត ដោយតម្រូវការធ្វើចរាចរណ៍ ដឹកជញ្ជូនកាន់តែកើនឡើង។ សម្ដេចបន្ដថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដោយសារតែកង្វះការគ្រប់គ្រងទ្រូងផ្លូវ និងចិញ្ចើមផ្លូវ នាំឲ្យចរាចរណ៍ងាយប្រឈមនឹងការកកស្ទះ និងមានគ្រោះថ្នាក់ ខណៈកន្លែងខ្លះទៀត មិនទាន់បំពាក់បរិក្ខាសុវត្ថិភាពគ្រប់គ្រាន់។

សម្ដេច ស ខេង មានប្រសាសន៍ថា "ស្មារតីគោរពច្បាប់ របស់ប្រជាពលរដ្ឋនៅមានកម្រិត នៅតែខ្លាចនគរបាល ជាងខ្លាចច្បាប់ បង្កគ្រោះថ្នាក់ដោយមិនគោរពច្បាប់ ដូចជា បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វ៉ាជែងប្រថុយប្រថាន បត់មិនប្រុងប្រយ័ត្ន ស្រវឹង និងងងុយជាដើម"។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងកកស្ទះចរាចរណ៍នៅកម្ពុជា រាជរដ្ឋាភិបាល ក៏បានខិតខំយ៉ាងសកម្ម ក្នុងការជំរុញវិស្វកម្មផ្លូវថ្នល់ ដូចជា ការជួសជុលពង្រីកផ្លូវដែលមានស្រាប់ ការកសាងផ្លូវល្បឿនលឿន ការអភិវឌ្ឍផ្លូវដែក ផ្លូវទឹក ជាដើម ដែលជាបណ្តើរៗ អាចឆ្លើយតបតម្រូវការនៃការអភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅក្នុងប្រទេស និងការតភ្ជាប់ជាមួយ ប្រទេសជិតខាង សំដៅអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក៏ដូចជាការរក្សាសុវត្ថិភាព ចរាចរណ៍ឲ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០១៩ បានកើនឡើងចំនួន ៥២៨ លើក ស្មើ៣៣% ចំនួនអ្នកស្លាប់កើនឡើង១០៣នាក់ ស្នើ១១% និងអ្នករបួសកើនឡើង ចំនួន៨២៥នាក់ស្មើ៣៤% ។ បើប្រៀបធៀប ឆមាសទី១ ឆ្នាំ២០១៨ គឺបានប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

Loading...