អាជ្ញាធរក្រុងខេមរភូមិន្ទ ចុះពិនិត្យប្រព័ន្ធផ្លូវទឹក និងកាយប្រឡាយ ដើម្បីនាំផ្លូវទឹកចូលសមុទ្រ កុំឲ្យស្ទះនៅពេលមានទឹកលិចជំនន់

July 20, 2019 39

កោះកុង ៖ លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ លោក នាម យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រជាការពារ សហការជាមួយក្រុមហ៊ុនដឹកសំរាម បន្តចុះពិនិត្យនៅស្ថានការណ៍ដែលមានភ្លៀងធ្លាក់រយៈប៉ុន្មានថ្ងៃ ទទួលរងនៅឥទ្ធិពលទឹកភ្លៀង ដែលមានសម្ពាធទាប ធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើលិចលំនៅដ្ឋានប្រជាពលរដ្ឋនិងនៅតាមដងផ្លូវសាធារណៈ។

លោក ឈឹម ចិន បានប្រាប់ឲ្យដឹងថា រយៈពេលប៉ន្មានថ្ងៃនេះឃើញថា សម្រាប់ខេត្តកោះកុងមានភ្លៀងធ្លាក់ជាច្រើនមេ ក្រោមឥទ្ធិពល នៃអាកាសធាតុមានសម្ពាធទាប ហើយនាំទាំងភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យមានការលិចចូលក្នុងលំនៅដ្ឋានប្រជាពលរដ្ឋ និងលិចតាមដងផ្លូវសាធារណៈ ក្នុងក្រុងខេមរភូមិន្ទស្ទើរគ្រប់តាមដងផ្លូវ។

លោក ឈឹម ចិន បន្តថា អ្វីដែលសំខាន់នោះ គឺប្រជាពលរដ្ឋយើងមិនមានទទួលរងគ្រោះដល់អាយុជីវិត ហើយគ្មានអ្វីខូចខាត់ធំដុំនោះទេ ខូចខាតតែផលដំណាំបន្តិចបន្ទួចតែប៉ុណ្ណោះ ហើយ២ទៅ៣ថ្ងៃនេះ អាជ្ញាធរនិងចៅសង្កាត់ ចុះកាយផ្លូវទឹកមើលប្រព័ន្ធលូគ្រប់ទីតាំង ដើម្បីបញ្ជាសទឹកឲ្យហូរបានលឿនចូលទៅសមុទ្រ និងប្រមូលកាកសំណល់សំរាមយកទុកនៅទីតាំងសំរាម។ ចំពោះការលិចលង់នេះ លោកនិងក្រុមការងារកំពុងរកវិធីសាស្រ្ត ដើម្បីរំដោះទឹកចេញឲ្យហូរទៅសមុទ្រ។

លោកបានបញ្ជាក់ថា អាកាសធាតុរាំងបន្តិច នឹងទឹកស្រកអាជ្ញាធរក្រុង និងដាក់អេសស្កាវទ័រចូលកាយឲ្យបានផ្លូវទឹកធំ ហើយហូរបានលឿនចូលទៅក្នុងសមុទ្រ។ លោកក៏សូមអំពាវនាវដល់ប្រពលរដ្ឋទូរទាំងខេត្តកោះកុង កុំបោះសំរាមចូលប្រព័ន្ធលូ នាំឲ្យកកស្ទះហើយសូមកុំរំលោភយកដីអូរជាបណ្តាញផ្លូវទឹកហូរ ហើយសូមឲ្យបងប្អូនចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីសោភ័ណ្ឌភាពខេត្ត និងសុខភាព និងបំបាត់ជម្រកមូសខ្លា ដែលបង្កជម្ងឺគ្រុនឈាម៕

Loading...