ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ព្រមានដោយត្រង់ថា បើក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៧ ហ៊ានកេងប្រវ័ញ្ចថវិកា នឹងបញ្ជូនចូលក្នុងបញ្ជីខ្មៅ

July 24, 2019 518

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់កំហិតថា បើក្រុមហ៊ុនទទួលម៉ៅការសាងសង់ផ្លូវជាតិលេខ៧ ហ៊ានកឹបកេងលុយគម្រោង នឹងបញ្ជូនចូលក្នុងបញ្ជីខ្មៅ។

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពគុណភាព និងលក្ខណៈបច្ចេកទេស នៃការស្ថាបនា ធ្វើឲ្យប្រសើរឡើង នៅកំណាត់ផ្លូវប្រវែង ២៧៥,៥៦០គីឡូវម៉ែត្រ នៃផ្លូវជាតិលេខ៧ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវជាតិលេខ៧ ប្រភេទAC មិនមានលក្ខណៈត្រឹមត្រូវទេ ដោយសារតាមការសន្និដ្ឋានរបស់ក្រសួង មាន៣ចំណុច គឺ៖ ទី១- លាយកៅស៊ូមិនបានត្រឹមត្រូវ, ទី២-ពេលអ៊ុតកៅស៊ូមិនគ្រប់ចំនួនកម្ដៅ និងទី៣- ពេលអ៊ុតកៅស៊ូអត់ប្រើទឹក បែរជាប្រើប្រេង ទើបធ្វើឲ្យផ្លូវគ្មានគុណភាព ដូច្នេះ ក្រសួងមិនអាចទទួលយកបានឡើយ។

លោករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងមន្ដ្រីក្រសួង ត្រូវដើរពិនិត្យស្ថានភាពផ្លូវ ដើម្បីដឹងគុណភាព។ លោកថា ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៧ ត្រូវកាយផ្លូវ និងមើលគ្រឹះឡើងវិញនៅកន្លែងមួយចំនួន ដើម្បីឲ្យត្រូវស្ដង់ដារប្រើប្រាស់បានយូរអង្វែង។

រដ្ឋមន្ដ្រីសាធារណ ការបន្ថែមថា “បើខុសលក្ខណៈបច្ចេកទេសចឹង យើងអាចពិភាក្សាគ្នាបានបើចេះតែខូច។ ខុសហើយខុសទៀត អាហ្នឹងគួរតែពិចារណា នៅពេលដាក់ដេញថ្លៃ ប្រាប់ធនាគារពិភពលោក ព្រោះនេះ លុយធនាគារពិភពលោកថា កុំឲ្យក្រុមហ៊ុននឹងដាក់ដេញថ្លៃតទៅទៀត កុំឲ្យចូលសាងសង់ផ្លូវរបស់យើង តែបើលួចវិញនឹងដាក់ចូលក្នុងបញ្ជីខ្មៅ កុំឲ្យដេញថ្លៃតទៅ”។

សូមរំលឹកថា ផ្លូវជាតិលេខ៧ មានប្រវែងសរុប៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីស្គន់ផ្លូវជាតិលេខ៦ (PK ៧៥+០០០) ដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងនោះ មានប្រវែង២៧៥,៥៦០គីឡូម៉ែត្រ ត្រូវបានជួសជុលធ្វើឲ្យប្រសើរឡើងវិញ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរជាតិ សរុប៦៩,៨២លានដុល្លារ។ ពោលចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦-៣០០ ជាគម្រោង RAMP II ក្រោមហិរញ្ញប្បទាន ពីធនាគារពិភពលោក ក្នុងទឹកប្រាក់ ចំនួន៣៦,៤៥លានដុល្លារ និងចាប់ពីបង្គោល គីឡូម៉ែត្រលេខ៣៣២, ១២៥-៤២៤, ៦៩០ ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ចំនួន៣៣,៣៧លានដុល្លារ៕

Loading...