អ្នកសារព័ត៌មានជាតិ-អន្តរជាតិ មើលឃើញថា នៅមូលដ្ឋានទ័ពជើងទឹករាម ពុំមានវត្តមានទ័ពបរទេស ដូចការផ្សាយរបស់សារព័ត៌មានអាមេរិកឡើយ

July 27, 2019 134

ភ្នំពេញ ៖ បន្ទាប់ពីចុះទៅពិនិត្យដោយផ្ទាល់ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ប្រមាណជាង ៧០នាក់ បានមើលឃើញថា ពុំមានការរៀបចំឲ្យមានមូលដ្ឋានកងទ័ពបរទេស នៅទីនោះដូចការផ្សាយចោទប្រកាន់ របស់សារព័ត៌មានសហរដ្ឋអាមេរិកឡើយ។

កាលពីពេលថ្មីៗនេះ សារព័ត៌មាន The wall street Journal របស់អាមេរិក បានចោទប្រកាន់កម្ពុជាថា កម្ពុជាបានចុះកិច្ចព្រមព្រៀង ជាសម្ងាត់មួយអនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ ។ ជាមួយគ្នានេះ ក៏បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះកម្ពុជាផ្តល់ឲ្យភាគីចិនផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិន ជាផ្នែកមួយនៃឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយដែលចិនកំពុងសាងសង់ធ្វើ ជាមូលដ្ឋានយោធារយៈពេល ៣០ឆ្នាំ សម្រាប់ដាក់ទ័ពគ្រឿងសព្វាវុធកន្លែងចត។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ កក្កដានេះ នាយឧត្ដនសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “បន្ទាប់ពីចុះពិនិត្យនេះ អ្នកសារព័ត៌មានទាំងអស់ បានយល់អំពីការពិត ដែលមិនដូចទៅនឹងការចុះផ្សាយ របស់សារព័ត៌មានបរទេស ដែលមានចរិតនយោបាយនោះឡើយ។ ពួកគាត់បានមើលឃើញថា នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ មិនមានវត្តមានកងទ័ពបរទេសដូចការផ្សាយឡើយ”។

លោកនាយឧត្ដមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានអនុញ្ញាតឲ្យ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានស្វែងយល់អំពីការពិតរបស់កម្ពុជា ដើម្បីកុំឲ្យជឿរឿងក្លែងក្លាយ ដែលប្រឌិតឡើងដោយ សារព័ត៌មានបរទេសមួយចំនួន។

ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកសូមថ្លែងអំណរគុណផងដែរ ដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលផ្តល់យុត្តិធម៌ដល់កម្ពុជា ហើយសូមផ្សព្វផ្សាយការពិតនេះ ទៅកាន់ពិភពលោកថា «កម្ពុជាគ្មានមូលដ្ឋានទ័ពបរទេស» ហើយត្រូវឈប់ផ្សាយ ព័ត៌មានក្លែងក្លាយតទៅទៀត៕

Loading...