លោក ជា សុផារ៉ា៖ កម្ពុជា ទទួលបានអ្នកវិនិយោគចិន ឈរលេខ១ ខណៈកូរ៉េលេខ២ និងជប៉ុនលេខ៣

August 01, 2019 30

ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា ទទួលបានអ្នកវិនិយោគចិន ឈរលំដាប់លេខ១ ខណៈកូរ៉េលេខ២ និងជប៉ុនលេខ៣ ។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារ ពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន អេវើ អីសេន ឌីវេឡុបម៉ិន នៅតំបន់ឆ្នេរអូរ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា ការអភិវឌ្ឍគម្រោងសាងសង់ អគារពហុបំណងពិត ជាបានចូលរួមចំណែកបន្ថែម ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការចូលរួមអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យកម្ពុជា ដោយបានផ្តល់ការងារឲ្យយុវជន ធ្វើមិនចាំបាច់ធ្វើចំណាកស្រុក។ លោកថា កម្ពុជាធ្វើឲ្យអ្នកវិនិយោគតូច-ធំ មកពីគ្រប់ទិសទីលើពិភពលោក មកបណ្ដាក់ទុន វិនិយោគ ពិសេសនៅខេត្តព្រះសីហនុ។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា "ដោយសារកំណើរនេះ បានធ្វើឲ្យកម្ពុជា ទទួលបានអ្នកវិនិយោគ មកពីបរទេសជាច្រើន ក្នុងនោះប្រទេសចិនបាននាំមុខគេគឺលេខ១, កូរ៉េលេខ២ និងជប៉ុនលេខ៣។ ដូច្នេះយើងត្រូវប្រកាន់ភ្ជាប់នូវវិធានការ ដើម្បីការវិនិយោគ សំដៅផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិមានការរីកចម្រើន ប្រជាពលរដ្ឋទទួលបានការងារ កាន់តែច្រើនឡើង បន្ថែមទៀត ជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ"។

ចំណែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ដែរថា ស្ថិតក្នុងបរិយាកាសអំណោយផល ពិសេសកត្តាសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ កម្ពុជាមានសក្កានុពល និងកាលានុវត្តភាព វិនិយោគពេញលេញ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Loading...