វៀតណាម ចោទចិនថា បានរំលោភអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ ក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសថៃ

August 02, 2019 44

បាងកក ៖ រដ្ឋមន្ត្រីការបរទេសវៀតណាម បានប្រកាសអំពីសកម្មភាពខុសច្បាប់ ដោយនាវាស្ទង់ប្រេងចិន នៅក្នុងដែនទឹករបស់វៀតណាម នៅក្នុងកិច្ចប្រជុំអាស៊ាន កាលពីថ្ងៃពុធ នៅប្រទេសថៃ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ស្ថានភាពនៅសមុទ្រខាងកើត មានភាពស្មុគស្មាញ ដោយសកម្មភាពឯកតោភាគី រួមមានការធ្វើយោធូបនីយកម្ម ការបង្កើនសមយុទ្ធយោធា ជាពិសេសសកម្មភាព របស់នាវាស្ទង់ប្រេងចិន Haiyang Dizhi 8 និងនាវាអមផ្សេងទៀត ដែលកំពុងរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងទីតំបន់បន្តរបស់វៀតណាម ដោយខុសច្បាប់។ នេះបើតាម ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក ផាម ប៊ិញមិញ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ នៅទីក្រុងបាងកកប្រទេសថៃ។

លោក ផាម បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនោះរបស់ចិន បានរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លោកបាននិយាយថា នេះក៏ជាជំហានបន្ទាប់ដើម្បីបង្កើនជម្លោះ និងពង្រឹងសកម្មភាពយោធាតូបនីយកម្ម នៅលើសមុទ្រផងដែរ៕

Loading...