រយៈពេល៦ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពីខេត្តព្រះសីហនុ បានជិត៧០ប៊ីលានរៀល

August 02, 2019 36

ព្រះសីហនុ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ពីខេត្តព្រះសីហនុ បានជាង៦៩ប៊ីលានរៀល ស្មើនឹង១០៤% នៃផែនការច្បាប់ ដែលបានកំណត់ ក្នុងនោះថវិកាជាតិ ជាង២០ប៊ីលានរៀល ស្មើ៨១ភាគរយ ថវិកាថ្នាក់ក្រោមជាតិ ជាង ៤៨ប៊ីលានរៀល ស្មើ១១៥ភាគរយ ចំណូលពន្ធមានការកើនឡើង។ នេះបើយោងតាមហ្វេសប៊ុក របស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រង ប្រមូលចំណូលពន្ធក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែសីហា លោក សន ស៊ីផល ប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ បានជំរាបពីសកម្មភាពប្រមូលថា "៦ខែ ដើមឆ្នាំ២០១៩ បានជាង៦៩ប៊ីលានរៀល ស្មើនិង ១០៤ភាគរយ នៃផែនកាឆ្នាំ ក្នុងនោះថវិកាជាតិជាង២០ប៊ីលានរៀល ស្មើនិង៨១ភាគរយ ថវិកាថ្នាក់ក្រោមជាតិជាង ៤៨ប៊ីលានរៀល ស្មើ ១១៥ភាគរយ ចំណូលពន្ធមានការកើនឡើង ដោយសាខាពន្ធដារសហកាជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការ ជាមួយសហគ្រាសឲ្យមកចុះបញ្ជី ជម្រុញឲ្យមានការពិនិត្យភាពត្រឹមត្រូវ នូវកិច្ចសន្យាជួលអចលនទ្រព្យ ការផ្សព្វផ្សាយសេចក្តីព្រាងវិធានការនានា របស់រដ្ឋបាលសារពើពន្ធ"។

ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា វឌ្ឍនភាព នៃពន្ធដាមានការទទួលខុសត្រូវខ្ពស់ ទទួលបានផ្លែផ្កា ដោយបានខិតខំរួមចំណែក គាំទ្រដល់ថ្នាក់ជាតិ និងក្រោមជាតិបន្តកៀគរប្រមូលចំណូល ពន្ធឲ្យកាន់តែច្រើនថែមទៀត។ លោកថា ឆ្នាំនេះចំណូលថ្នាក់ក្រោមជាតិ មានខ្ពស់លើសផែនការសម្រាប់ថ្នាក់ក្រោមជាតិ ដោយបានកើនឡើងអាចបញ្ជាក់ថា នេះជាការខិតខំប្រឹងប្រែង របស់ទាំងអស់គ្នា ក្នុងការកៀគរប្រភពចំណូលពន្ធ។

ជាមួយគ្នានោះដែរ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ការប្រមូលពន្ធនៅខេត្តព្រះសីហនុ មានការកើនឡើង ដោយសារមន្ត្រីសាខាពន្ធដារ ខិតខំប្រមូលប្រភពចំណូល ជាផលប្រយោជន៍នៃប្រទេសជាតិ ។ ខេត្តព្រះសីហនុមានសក្តានុពលធំធេង ហើយការប្រមូលចំណូលមិនទាន់ឆ្លើយតបទៅនឹងកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តនៅឡើយ៕

Loading...