ចក្រភពអង់គ្លេស បដិសេធគម្រោង នៃការដោះដូរ ជាមួយអ៊ីរ៉ង់ រឿងចាប់នាវាដឹកប្រេង

August 05, 2019 41

ទីក្រុងឡុងដ៍ ៖ ទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ និងចក្រភពអង់គ្លេស បានធ្លាក់ចុះបន្ទាប់ពីអាជ្ញាធរអង់គ្លេស នៅតំបន់ដែនទឹក Gibraltar បានរឹបអូសយកនាវាដឹកប្រេង Grace 1 ដែលដឹកប្រេងអ៊ីរ៉ង់។ រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានចោទប្រកាន់ការចាប់នាវា របស់ខ្លួននេះថាខុសច្បាប់ និងទាមទារឱ្យមានការដោះលែង។ ក្រោយមកអាជ្ញាធរអ៊ីរ៉ង់ បានឃុំឃាំងនាវាដឹកប្រេងអង់គ្លេសមួយគ្រឿងវិញ ពីបទរំលោភលើដែនសមុទ្រ ប៉ុន្តែបានកត់សម្គាល់ថា ខ្លួនមិនមែនធ្វើវាជាការសងសឹកនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០១ ខែសីហាថា រដ្ឋាភិបាលទីក្រុងឡុងដ៍ មិនមានគម្រោងចរចា ជាមួយអ៊ីរ៉ង់ជុំវិញ ការស្នើសុំដោះលែងទៅវិញ ទៅមកនៃនាវាដឹកប្រេងដែលត្រូវបានចាប់ និងបានអំពាវនាវឱ្យសាធារណរដ្ឋអ៊ីស្លាម ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ ដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយចក្រភពអង់គ្លេស។

លោក Raab បាននិយាយថា "ប្រសិនបើប្រជាជន ឬប្រជាជាតិផ្សេងទៀត បានចាប់ឃុំ [នាវា] ដែលមានទង់ជាតិអង់គ្លេសដោយខុសច្បាប់នោះ ច្បាប់និងវិធាន នៃច្បាប់អន្តរជាតិត្រូវតែត្រូវបានអនុម័ត ។ យើងនឹងមិនចរចាដោះដូរកប៉ាល់ដែលត្រូវបានឃុំខ្លួន ដោយស្របច្បាប់ជាមួយនឹងនាវា ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់នោះទេ"៕

Loading...