ឥណ្ឌា បាញ់សាកល្បងមីស៊ីលពីលើដី ក្នុងពេលកំពុងមានភាពតានតឹង ជាមួយប៉ាគីស្ថាន

August 05, 2019 34

ញូដេលី ៖ ប្រទេសឥណ្ឌា បានសាកល្បងមីស៊ីលប្រតិកម្មរហ័សលើផ្ទៃដីនរបស់ខ្លួន (QRSAM) ។ ប្រព័ន្ធការពារ ដែនអាកាសថ្មីនេះត្រូវបានសាកល្បង ចំពេលមានការផ្ទុះឡើង ភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងញូវដែលី និង រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ ជុំវិញជម្លោះនៅតំបន់កាស្មៀរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា មីស៊ីលដែលដំណើរការបានគ្រប់អាកាសធាតុ និងភូមិសាស្រ្ត បំពាក់នៅលើរថយន្តធំៗ បានវាយប្រហារគោលដៅរបស់ខ្លួនដោយជោគជ័យក្នុងកំឡុងពេលធ្វើតេស្តដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅតំបន់ជួរភ្នំ នៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។ រដ្ឋមន្រ្តីការពារជាតិឥណ្ឌាបានចែករំលែករូបថត និងវីដេអូនៃការបាញ់មីស៊ីលនៅលើគណនី Twitter របស់គាត់។

ប្រព័ន្ធការពារអាកាសថ្មីអាចប្រតិបត្តិការប្រមាណ ២៥-៣០ គីឡូម៉ែត្រ។ វាក៏ត្រូវបានបំពាក់ដោយឧបករណ៍ប្រឆាំងនឹងការរាំងស្ទះដែលអនុញ្ញាតឱ្យវា ជ្រាបចូលក្នុងផ្នែកការពារ របស់សត្រូវ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ដោយដកស្រង់សំដីប្រភពយោធាថាមីស៊ីលបានធ្វើការសាកល្បងជាច្រើនដងក្នុងឆ្នាំ ២០១៧ និង ក្នុងខែកុម្ភៈ ឆ្នាំ២០១៩៕

Loading...