សម្ដេច ទៀ បាញ់ សង្ឃឹមថា សង្គ្រាមនៅបណ្តាប្រទេសនានា នឹងត្រូវបញ្ចប់ ខណៈកម្ពុជារក្សាបានសន្តិភាព និងការអភិវឌ្ឍ

August 06, 2019 367

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលធ្លាប់ឆ្លងកាត់នូវ ការឈឺចាប់ខ្លោចផ្សា អំពីទុក្ខលំបាកវេទនា ដោយសារសង្គ្រាម នាពេលកន្លងមកនោះ បានបង្ហាញក្ដីសង្ឃឹមថា សង្គ្រាមនៅតាមបណ្តាប្រទេសនានា នឹងត្រូវបានបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ខណៈកម្ពុជារក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះថា ភាពអត់ឃ្លានលំបាកវេទនា របស់ប្រជាជន នៅតាមបណ្តាប្រទេស ដែលកំពុងមានសង្គ្រាម ធ្វើឲ្យសម្តេចនឹកឃើញ ពេលដែលត្រូវបង្ខំចិត្តរត់ចូលព្រៃ ដើម្បីគេចពីការតាមសម្លាប់ របស់អាជ្ញាធរអប្រិយ កាលពីសម័យមុន។ គ្រានោះ មិនបានហូបបាយ អស់រយៈពេល ៣ ថ្ងៃ ៣ យប់។ ដល់ពេលមានអង្ករដាំបាយហូប គ្រាន់តែហុតទឹកបាយមួយស្លាបព្រា ក៏ធ្វើឲ្យសម្តេច សន្លប់បាត់ស្មារតីដែរ ព្រោះតែមិនបានហូបយូរថ្ងៃពេក។

សម្ដេចបន្តថា ក្នុងនាមជាជនរងគ្រោះ ដែលធ្លាប់ឆ្លងកាត់នូវ ការឈឺចាប់ខ្លោចផ្សានេះ បានយល់ច្បាស់អំពីទុក្ខលំបាក វេទនា របស់ប្រជាជន ដែលកំពុងរងនូវភាពអត់ឃ្លាន ដោយសារសង្គ្រាម។

សម្ដេចគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា សង្គ្រាមនៅតាមបណ្តាប្រទេសនានា នឹងត្រូវបានបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបាននូវជីវិត ដែល ពោរពេញ ដោយសុខសន្តិភាព។ ខ្ញុំក៏កាន់តែសង្ឃឹមថា កម្ពុជាអាចរក្សាសន្តិភាពរបស់ខ្លួនបានគង់វង្ស និងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែរុងរឿងបន្ថែមទៀត”៕

Loading...