ស៊យធំ! ឆក់ទូរស័ព្ទបានសម្រេច តែជិះម៉ូតូគេចខ្លួនមិនរួច ត្រូវប៉ូលិសចាប់វាយខ្នោះទាំងពីរ

August 06, 2019 364

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់យកទូរស័ព្ទដៃ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង៣០នាទី នៅចំណុចតាមផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ លឹម សីហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។ ទី២-ឈ្មោះ ខុន សុខឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។ រីឯជនរងគ្រោះមានឈ្មោះ សាក់ ចន្នា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារៈបន្សល់ទុក៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ១គ្រឿង ម៉ាកស៊ីរូស គ្មានស្លាកលេខ របស់ជនសង្ស័យ។

សមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមកជិតម៉ូតូរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីខោប៉ៅខាងខាងក្រោយរបស់ជនរងគ្រោះបាន រួចជនសង្ស័យជិះម៉ូតូគេចខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរៗ បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការល្បាតដល់ចំណុចកើតហេតុ ឃើញហេតុការណ៍ ក៏ធ្វើការដេញតាមជនសង្ស័យដល់ចំណុចផ្លូវបេតុង សង្កាត់ទួលសង្កែ ទើបឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Loading...