ប្រធានាធិបតីអ៊ីរ៉ង់៖ គ្មានការពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក រហូតមានការដកទណ្ឌកម្មចេញ

August 07, 2019 56

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ នឹងមិនធ្វើការចរចាលើ លក្ខខណ្ឌណាមួយ ជាមួយនឹងសហរដ្ឋអាមេរិកនោះឡើយ រហូតដល់មានការដកទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន។

លោក រ៉ូហានី បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកកំពុងតែបង្កើនសម្ពាធជាអតិបរិមា ដើម្បីជំរុញឲ្យមានការបះបោរផ្តួលរំលំរបបអ៊ីរ៉ង់ ហើយដោយលើកឡើងពីរដ្ឋធម្មនុញ្ញនៃ សាធារណរដ្ឋឥស្លាម លោកបានធ្វើការបង្ហាញយ៉ាងច្បាស់ថា នឹងគ្មានការពិភាក្សាចរចាគ្នាសោះឡើយ រហូតទណ្ឌកម្មដែលមន្ត្រីអ៊ីរ៉ង់ជាការរំលោភបំពានសិទ្ធិមនុស្ស ត្រូវបានដកចេញ។

គួរបញ្ជាក់ថា ការថ្លែងយ៉ាងដូច្នេះរបស់ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់នេះ គឺត្រូវបានធ្វើឡើង ស្របពេលមានជម្លោះកំពុងតែប្រព្រឹត្តទៅ រវាងប្រទេសទាំងពីរដែលបណ្ដាលមកពីការ វាយប្រហារទៅលើនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ និងសមយុទ្ធយោធា ដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុមតេអេរ៉ង់បានធ្វើឡើង៕

Loading...