ចិន ព្រមានថា ក្រុមហ៊ុនឥណ្ឌាដែលរកស៊ីនៅចិន នឹងជួបបញ្ហា បើសិនឥណ្ឌារារាំងដំណើរការប្រព័ន្ធ 5G របស់ Huawei

August 08, 2019 38

ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សំដីប្រភពដែលស៊ាំនឹងបញ្ហានេះថា រដ្ឋាភិបាលក្រុងប៉េ កាំងបានព្រមានប្រទេសឥណ្ឌាថា ក្រុមហ៊ុនរបស់ឥណ្ឌាដែលកំពុង ប្រតិបត្តិការនៅក្នុងប្រទេសចិន អាចប្រឈមនឹងផលវិបាក ប្រសិនបើរដ្ឋាភិបាលទីក្រុងញូដេលី ព្យាយាមរារាំងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពីការធ្វើជំនួញនៅក្នុងប្រទេសឥណ្ឌា។

យោងតាមប្រភពដដែល គឺឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅទីក្រុងប៉េកាំង លោក Vikram Misri ត្រូវបានកោះហៅទៅក្រសួងការបរទេសចិន កាលពីថ្ងៃទី ១០ ខែកក្កដាដើម្បីស្តាប់ ការព្រួយបារម្ភអំពីការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដកខ្លួនចេញពីការកសាងហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត 5G នៅទូទាំងពិភពលោក។

បើតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅមុននេះ ទីប្រឹក្សាវិទ្យាសាស្រ្តរបស់នាយករដ្ឋមន្រ្តីឥណ្ឌាបានរាយការណ៍ថា ឥណ្ឌាគួរតែ  ផ្តួចផ្តើមគំនិត 5G ដោយមិនមានការចូលរួមពីក្រុមហ៊ុន Huawei ។ ប្រទេសឥណ្ឌាកំពុងសម្លឹងរកការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនដល់ 5G ត្រឹមឆ្នាំ ២០២០។

កាលពីខែឧសភា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅជុំវិញការចោទប្រកាន់ ទាក់ទងនឹងការស៊ើបការណ៍សម្ងាត់ជាមួយរដ្ឋាភិបាលចិន។ ការដាក់ទណ្ឌកម្មនេះ បានរារាំងក្រុមហ៊ុនអាមេរិកមិនឱ្យទាក់ទងជាមួយក្រុមហ៊ុន Huawei ដោយគ្មានអាជ្ញាប័ណ្ណពិសេស។

សហរដ្ឋអាមេរិកក៏បាននិងកំពុងជំរុញប្រទេសដទៃទៀតឱ្យចៀសវាងការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ខណៈពេលដែលប្រើប្រាស់បច្ចេកវិទ្យាបណ្តាញ 5G ។ ក្រោយមកនៅខែមិថុនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្ធូរសម្ពាធ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកលក់គ្រឿងបន្លាស់ ទៅឱ្យក្រុមហ៊ុន ទោះបីជាប់ក្នុងបញ្ជីខ្មៅក៏ដោយ៕

Loading...