រន្ធត់ណាស់! រថយន្តដឹកអ្នកជំងឺមន្ទីរពេទ្យស្រុកជើងព្រៃ ព្រលះរថយន្តហ៊ីយ៉ាន់ដាយទាំងកំរោល បង្កឲ្យមនុស្ស៥នាក់ រងរបួស

August 13, 2019 87

កំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ រវាងរថយន្តសាម៉ុយ នៃមន្ទីរពេទ្យស្រុកជើងព្រៃ និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបើកបុកគ្នាតាំងកំរោល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលចរាចរណ៍ស្រុកជើងព្រៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងរវាងរថយន្ដសាម៉ុយរបស់មន្ទីរពេទ្យស្រុកជើងព្រៃ ម៉ាកម៉េកហ្សុស ពណ៌ស ពាក់ស្លាកលេខរដ្ឋ 12. 2.0940 បើកបរដោយឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានប៉ះទង្គិចពីក្រោយរថយន្ដ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរគេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយការពិនិត្យ និងវាស់វែងឃើញថា ករណីនេះ គឺខាងអ្នកបើកបររថយន្តសាមុយ បើកក្នុងល្បឿនលឿនពេក សង្ស័យប្រញាប់ដឹកអ្នកជំងឺទៅមន្ទីរពេទ្យឲ្យទាន់ពេល តែជាអកុលសជ្រុលបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ បណ្ដាលឲ្យរបួសមនុស្ស៥នាក់ ស្រាល៣នាក់ និងធ្ងន់២នាក់ និងខូចរថយន្ដ២គ្រឿង ស្រាល១គ្រឿង, ធ្ងន់១គ្រឿង (រថយន្ដសាម៉ុយ)។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍រួចមាន៖ ទី១-ឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ៥០ឆ្នាំ (អ្នកបើកបររថយន្ដសាម៉ុយ) ស្រាល, ទី២-ឈ្មោះ ម៉ាត់ រសែត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ), ទី៣-ឈ្មោះ សេត សេណាល់ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ), ទី៤-ឈ្មោះ ហង្ស ចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ) និងទី៥-ឈ្មោះ សាត សាឡែត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ)។

ចំពោះអ្នករបួសទាំងអស់ ត្រូវសមត្ថកិច្ចចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ ដោយឡែក មធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅទីស្នាក់ការនគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

Loading...