រថយន្តស្លាកលេខខេមរៈភូមិន្ទ បើកបុករទេះលក់សាច់អាំង ប៉ើងទៅបុកកង់បីឥណ្ឌា បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ នៅខណ្ឌសែនសុខ

August 13, 2019 52

ភ្នំពេញ ៖ បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ក៏រេចង្កូតទៅបុករទេះលក់សាច់អាំងកំពុងចតអែបចិញ្ចើមផ្លូវ ប៉ើងទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលរងការខូចខាតយ៉ាងដំណំ និងរងរបួសអ្នកលក់សាច់អាំងធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃច័ន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៧ នៅចំណុចមុខផ្សារក្រមួន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីយោធា បានបើករថយន្តម៉ាក ISUZU ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01 .2.2599 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ទាំងស្រវឹងស្រា បើកលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករទេះលក់សាច់អាំង កំពុងឈប់អែបចិញ្ចើមផ្លូវទាំងកំរោល ប៉ើងទៅផ្ទប់កង់បីឥណ្ឌាមួយគ្រឿងទៀត ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HK.5675 ដែលចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យសាច់អាំងជ្រុះរប៉ាតរប៉ាយពេញផ្លូវ ព្រមទាំងម្ចាស់រទេះលក់សាច់អាំងរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ទាំងបែកកង់មុខខាងស្ដាំ និងបាក់បែកខាងស្តាំខាងមុខ យ៉ាងដំណំ តាមបណ្ដោយផ្លូវ១៩៨៦ ពីកើតទៅលិច រហូតដល់ចំណុចស្ដុបផ្សារដីហ៊ុយ ទើបទៅមុខលែង រួចម្ចាស់រថយន្តបានបើកទ្វារចុះឡើងរថយន្តមួយគ្រឿងទៀត ជិះចេញទៅបាត់ បន្សល់ទុករថយន្តបង្កចោលនៅជិតស្តុបផ្សារដីហ៊ុយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញ មកវាស់វែងស្ទូចរថយន្តបង្ក និងរទេះលក់សាច់អាំងព្រមទាំងកង់បីឥណ្ឌាទៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ៕

Loading...