ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសវនាការជាមួយ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ប្រទេសវៀតណាម

August 13, 2019 65

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងថា ជំនួបសវនាការ រវាងកងទ័ពជើងគោក និងវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ នៃប្រទេសវៀតណាម គឺបន្តពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ មិត្តភាពជាប្រពៃណីរបស់កងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងនាមជាប្រទេសជាប់ព្រំដែនជាមួយគ្នា។ ទំនាក់ទំនងនេះ ក៏បានផ្ដល់នូវការសិក្សាដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារករសាង និងពង្រឹងសមត្ថភាពកងទ័ព។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក។

លោកឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ក្នុងនាមជំនួសមុខជូនក្រសួងការពារប្រទេសវៀតណាម សូមថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ក៏ដូចជា កងយោធពលខេមរភូមិន្ទ ដែលបានជួយបណ្តុះបណ្តាលភាសាខ្មែរ  ដល់យោធិនវៀតណាម ដែលកំពុងសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ សកម្មភាពមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងទ័ពប្រជាជនវៀតណាមទាំងនេះ បានបង្ហាញឲ្យឃើញពីមិត្តភាពល្អជាប្រពៃណីរបស់កងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានទទួលជួបសាវនាការ ជាមួយលោកឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ នៃប្រទេសវៀតណាម នៅសាលសវនាការកងទ័ពជើងគោក ដែលនេះគឺជាជំនួបលើកទី២ រវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ៕

Loading...