សម្ដេច ទៀ បាញ់ ប្រាប់ក្រុមជ្រុលនិយម ឲ្យមកសុំសង្គ្រោះជាតិ ក្នុងគ្រាមានសង្គ្រាម មិនមែនពេលកម្ពុជា មានសន្តិភាពនោះទេ

August 14, 2019 35

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា បើចង់សង្គ្រោះជាតិ ក្រុមជ្រុលនិយមមួយក្តាប់តូចនោះ គួរតែមកសុំសង្គ្រោះជាតិ ក្នុងគ្រាមានសង្គ្រាម មិនមែនពេលកម្ពុជា មានសន្តិភាពហើយ បានសុំនោះទេ។

សម្ដេចទៀ បាញ់ បានលើកឡើងតាមរយៈហ្វេសប៊ុក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះថា "ដើម្បីសង្គ្រោះជាតិពីរបបខ្មែរក្រហម វីរជនរបស់យើង បានលះបង់គ្រប់បែបយ៉ាង រួមទាំងជីវិត"។

សម្ដេចបន្តថា ពួកគាត់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការដឹកនាំនាវាកម្ពុជា ឲ្យរីកចម្រើនលើគ្រប់វិស័យ និងបានបង្កើនកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេស តាមរយៈការចូលរួមក្នុងកិច្ចការរក្សាសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាមក្រោមឆត្រអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការពារជាតិបន្ថែមថា ”វាពិតជាគួរឲ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិទៅវិញ។ ខ្ញុំគិតថា ពួកគេបើចង់សង្គ្រោះជាតិ ក្រុមជ្រុលនិយមមួយក្តាប់តូចនោះ គួរតែមកសុំសង្គ្រោះជាតិក្នុងគ្រាសង្គ្រាមនាឆ្នាំ១៩៧៥”៕

Loading...