មួយទៀតហើយ! ជនឆបោក២នាក់ ក្លែងបន្លំជាសាច់ញាតិអ្នកធំ បោកលុយរាប់សិបម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌកងទ័ព

August 14, 2019 73

ភ្នំពេញ ៖ ជនឆបោក២នាក់ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន ព្រោះក្លែងបន្លំជាសាច់ញាតិលោក យឹម លាង បោកជនរងគ្រោះប្រហែល១០០នាក់ យកបានប្រាក់រាប់ម៉ឺនដុល្លារ ដោយប្រាប់ថា រត់ការចូលក្របខ័ណ្ឌកងទ័ព។ ជនសង្ស័យ២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ប៊ិន ឡាច (ហៅ វ៉ែន សារ៉ាត់) ភេទប្រុស ឆ្នាំកំណើត១៩៦២ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន ណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា, ទី២-ឈ្មោះ តុប គឹមហុង (ហៅ យឹម ឈុនហុង) ភេទប្រុស ឆ្នាំកំណើត១៩៧៣ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចទល់មុខភោជនីយដ្ឋាន ព្រឹកថ្មីល្ងាចស្រស់ ផ្លូវ១១៥កែង២៧៤ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំងពីរ បានសារភាពថា ឈ្មោះ តុប គឹមហុង បានប្រើល្បិចប្តូរឈ្មោះជា យឹម គឹមហុង កុហក់ជនរងគ្រោះថា ជាបងប្អូនជីដូនមួយរបស់លោក យឹម លាង ព្រមទាំងកុហកជនរងគ្រោះទៀតថា នៅពេលឆាប់ៗខាងមុខនេះ លោក យឹម លាង នឹងទៅកាន់អគ្គនាយកដ្ឋានវិស្វកម្ម ហើយបង្កើតនាយកដ្ឋានថ្មីចំនួន៦ ត្រូវការជ្រើសបុគ្គលិកចំនួន៣០០នាក់ ហើយគេអាចបញ្ចូលក្របខ័ណ្ឌបាន ដោយត្រូវចំណាយប្រាក់ ទៅតាមឋានន្តរស័ក្តិ ក្នុងនោះថ្នាក់វរសេនីយ៍ តម្លៃ ៥.៥០០$ ទៅ៦.០០០$, ថ្នាក់អនុសេនីយ៍ឯក តម្លៃ៤.៥០០$ ទៅ ៥.០០០$, ថ្នាក់អនុសេនីយ៍ទោ តម្លៃ៣.៥០០$ ទៅ ៤.០០០$, ថ្នាក់អនុសេនីយ៍ត្រី តម្លៃ ២.០០០$ ទៅ ២.៥០០$ និងថ្នាក់ពលទាហាន តម្លៃ ៧០០$ ទៅ ១.០០០$។

ពួកគេបានធ្វើសកម្មភាពបែបនេះ ឆបោកប្រាក់ពីជងរងគ្រោះ សរុបប្រមាណ ១០០នាក់ហើយ តែពុំមានជនរងគ្រោះណាម្នាក់ បានចូលក្របខ័ណ្ឌឡើយ រហូតមានជនរងគ្រោះម្នាក់ មានការសង្ស័យ ក៏ប្តឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យជួយធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង៕

Loading...