ពិតរឿងដ៏មហារន្ធត់ណាស់! ឪពុកម្ដាយទើបឡើងផ្ទះថ្មីរួច បែរជាកូនប្រុសស្រី២នាក់ ត្រូវលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម

August 14, 2019 86

បន្ទាយមានជ័យ ៖ ពិតរឿងដ៏មហារន្ធត់ណាស់ដែលឪពុកម្ដាយស្ទើរមិនអាចទទួលយកបាន ខណៈពេលដែលកូនប្រុសស្រីរបស់គាត់បានលង់ទឹកស្លាប់ទាំង២នាក់ បន្ទាប់ពីពួកគាត់ទើបមានលទ្ធភាពធ្វើផ្ទះថ្មី និងរៀបចំពិធីឡើងគេហដ្ឋានថ្មី សឹងតែមិនទាន់រួចរាល់ផង។ហើយត្រូវបន្តធ្វើបុណ្យសពកូន និងក្មួយបន្តទៀត។

ដោយសារតែភាពរន្ធត់ និងតក់ស្លុតបំផុតដែលបានឃើញកូន និងក្មួយ ត្រូវលង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូ ជាហេតុធ្វើឲ្យម្តាយឪពុកសពក្មេងប្រុសស្រីយំបោកខ្លួនដូចអកព្រាត់ទ្រនំ ស្ទើរតែគាំងបេះដូងស្លាប់ទាំងអស់គ្នាទៅហើយ បន្ទាប់ពីបានដឹង និងឃើញថា កូនៗជាទីស្រឡាញ់ត្រូវលង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូ ពេលដែលក្រុមគ្រួសាររបស់សពជាប់រវល់ធ្វើពិធីឡើងផ្ទះថ្មី នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោយក្រុមហ៊ុនទឹកស្អាត ប្រហែល៥០០ម៉ែត្រ ក្នុងភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើយោងតាមសម្ដីលោក ទូច ត្រូវជាបងប្រុសរបស់ម្តាយសពទាំងពីរនាក់ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមគ្រួសាររបស់ប្អូនគាត់បានរៀបចំធ្វើពិធីឡើងគេហដ្ឋានថ្មី ដោយបានអញ្ជើញភ្ញៀវញាត្តិមិត្តជិតខាង ពិសេស ប្អូនបង្កើតនៅបាត់ដំបង ឲ្យចូលរួមកម្មពិធីឡើងផ្ទះថ្មីនោះផងដែរ។

លោកបន្តទៀតថា ពិធីឡើងគេហដ្ឋានថ្មី ធ្វើទៅដោយចប់ចុងចប់ដើម ដោយមិនចាប់អារម្មណ៍ពីកូនបាត់ពីថ្មើរណានោះឡើយ លុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ ម្ចាស់ផ្ទះបានយកលុយមករាប់ ស្រាប់តែពេលនោះបាត់កូនទាំង២នាក់ មិនដឹងទៅណាទេ ក៏ឆោឡោឡើង ហើយដើររក ពេលដើរទៅដល់ស្រះម៉ៃខូនៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រ ស្រាប់តែឃើញស្បែកជើងក្មេងទាំង២ ហើយក៏ចុះរាវរកឃើញសពក្មេងទាំង២ បានបីយកមកផ្ទះ ដោយក្មេងទាំង២នាក់ នៅសភាពទន់ ក៏នាំគ្នារលាក់ឲ្យចេញទឹក ទោះបីខិតខំរលាក់យ៉ាងណានៅមិនដឹងខ្លួន ព្រោះក្មេងទាំង២នាក់នេះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ក្រោយពីកើតហេតុរួច មាននគរបាល និងកម្លាំងអាវុធហត្ថជំនាញ ចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសព។

យោងតាមលោកវរសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា សពក្មេងស្រីរងគ្រោះ ឈ្មោះ ជា ដាវរី អាយុ២ឆ្នាំ មានម្តាយឈ្មោះ ង៉ាន់ សុជាតិ និងឪពុកឈ្មោះ ដុក ធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកសពក្មេងប្រុសមានឈ្មោះ ត្រាំ សាន់ អាយុ៦ឆ្នាំ មានឪពុកឈ្មោះ ហេង ត្រា និងម្តាយឈ្មោះ ង៉ាន់ លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីមន្ត្រីជំនាញរបស់លោកធ្វើការត្រួតពិនិត្យរួចហើយ បានធ្វើការសន្និដ្ឋានថា ក្មេងទាំង២នាក់ ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដ ដោយឪពុកម្តាយជាប់រវល់ក្នុងពិធីឡើងផ្ទះថ្មី មិនបានចាប់អារម្មណ៍ថា ក្មេងទៅលេងទឹក គ្មានជាប់ពាក់ព័ន្ធនិងអំពើធ្វើឃាតនោះទេ សពត្រូវបានក្រុមគ្រួសាររៀបចាត់តែងធ្វើបុណ្យតាមប្រពៃណីបន្តទៀត ក្រោយពីឡើងផ្ទះថ្មីចប់៕

Loading...