អុញនោះ! រកឃើញទំនិញខូចគុណភាព មានផ្ទុកសារធាតុគីមី ជិត១០គីឡូក្រាម នៅផ្សារវាលយន្ត ក្រុងស្វាយរៀង

August 14, 2019 33

ស្វាយរៀង ៖ ដើម្បីធានាឲ្យបានសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង បានរកឃើញទំនិញខូចគុណភាព ចំនួន៨គីឡូក្រាម និងងៀតបបែលកន្លះគីឡូក្រាម មានផ្ទុកសារមានផ្ទុកសារធាតុគីមី។

លោក ផឹង និល បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស។

លោក ផឹង និល បានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួនជិត២០មុខ ក្នុងផ្សារវាលយន្តនេះ បានរកឃើញទំនិញខូចគុណភាពរួមមាន សាច់ក្រកសាច់៣គីឡូក្រាម, ងៀតអន្ទង់២.៥គីឡូក្រាម, ត្រីប្រឡាក់ ២.៥គីឡូក្រាម និងងៀតបបែលមានសារធាតុគីមី ០.៥គីឡូក្រាម ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់ បានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។

លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕

Loading...