ទូតចប់អាណត្តិជប៉ុន កោតសសើរសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

August 14, 2019 35

ភ្នំពេញ ៖ លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ចប់អាណត្តិ បានកោតសើរចំពោះសេដ្ឋកិច្ចរបស់កម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះកំណើនយ៉ាងខ្លាំងជាងគេ គឺវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ឆមាសទី១ ឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជា កំពុងបន្តមានដំណើរការយ៉ាងល្អ ដោយត្រូវបានរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងអត្រា ៧,១% ដែលគាំទ្រដោយកំណើនរឹងមាំ នៃវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក Hidehisa HORINOUCHI មានប្រសាសន៍ថា “សម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដោយឃើញថា សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះមានកំណើនយ៉ាងខ្លាំង លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា”។

ចំណែក សម្តេច សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា-ជប៉ុន ដែលមានការរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យ។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ និងមន្រ្តីជាន់ខ្ពស់គ្រប់ កម្រិតជាញឹកញាប់ផងដែរ៕

Loading...