ដំណឹងល្អ! រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំកន្លែងស្នាក់នៅ និងអាហារហូបចុក សម្រាប់បេក្ខជនប្រឡងបាក់ឌុប មកពីវិទ្យាល័យឆ្ងាយៗ

August 15, 2019 45

ព្រះសីហុន ៖ ដើម្បីជួយសម្រាលបន្ទុក និងដោះស្រាយការលំបាករបស់មាតាបិតា របស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំទីកន្លែងស្នាក់នៅ និងអាហារហូបចុក សម្រាប់បេក្ខជនមកពីបណ្តាវិទ្យាល័យឆ្ងាយៗ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “ក្នុងគោលបំណងជួយ សម្រាលបន្ទុក ដោះស្រាយការលំបាក និងបញ្ហាប្រឈមរបស់មាតាបិតា អ្នកអាណាព្យាបាល និងក្មួយៗ ជាបេក្ខជនដែលមកពី បណ្តាវិទ្យាល័យឆ្ងាយៗ នៃស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ ដែលពុំមានលទ្ធភាព គ្រប់គ្រាន់ក្នុងការដោះស្រាយ ការស្នាក់នៅ ហូបចុកក្នុងកំឡុងពេលប្រឡង រដ្ឋបាលខេត្តបានរៀបចំ កន្លែងស្នាក់នៅ និងផ្តល់អាហារបីពេល ក្នុងមួយថ្ងៃ សម្រាប់បេក្ខជនដែលមកពី វិទ្យាល័យ ហ៊ុនសែន កំពង់សីលា និងវិទ្យាល័យ ហ៊ុន សែន កែវផុស នៅផ្ទះសំណាក់ឡើងទ្រី ស្ថិតនៅក្នុង ស្រុកព្រៃនប់”។

ចំពោះបេក្ខជន មកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យហ៊ុនសែន ស្មាច់ដែង ត្រូវស្នាក់នៅ និងទទួលអាហារបីពេលក្នុងមួយថ្ងៃនៅផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម ស្ថិតនៅក្នុង ក្រុងព្រះសីហនុ។​ ដោយឡែក ចំពោះការផ្ញើយានជំនិះ របស់បេក្ខជនទាំងអស់ នៅគ្រប់មណ្ឌលប្រឡង រដ្ឋបាលខេត្តធានារ៉ាប់រង ការចំណាយទាំងស្រុង។

សូមរំលឹកថា នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងបាក់ឌុប តាមទិន្នន័យបណ្ដោះអាសន្ន មានមណ្ឌលសរុប ២០២មណ្ឌល និងមានបេក្ខជនសរុប ១១៩២១៧នាក់ ជាហេតុតម្រូវឲ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវធ្វើដំណើរ ទៅមណ្ឌលប្រឡង តាមការរៀបចំជាក់ស្តែង ដែលពេលខ្លះពួកគាត់ ត្រូវប្រើប្រាស់ជាចាំបាច់ នូវមធ្យោបាយធ្វើដំណើរ ការស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួលជាដើម ព្រមទាំងចំណាយ លើការបរិភោគ ប្រចាំថ្ងៃទៀតផង៕

Loading...