ប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ដែលបង្កើតហ្វេសប៊ុកប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ឆបោកប្រាក់អ្នកដទៃ ទៅតុលាការ

August 15, 2019 37

ភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ បញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដោយប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីឆបោកប្រាក់អ្នកដទៃ។

ជនសង្ស័យមានឈ្មោះ នួន វ៉ា បានឆាតទៅឆបោកប្រាក់គណនីហ្វេសប៊ុកឈ្មោះ Chumteav kolsokhom Tevi ដែលជាអ្នកមានស្តុកស្តម្ភមួយរូប។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រួមសហការជាមួយអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីព្រះរាជរងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ បានឃាត់ខ្លួននៅត្រង់ចំណុចផ្លូវឌួងងៀប៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យរូបនេះ បានបង្កើតគណនីក្លែងក្លាយ ឆបោកជម្រិតទារប្រាក់អ្នកដទៃ និងប្រើឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីទៅគំរាមកំហែងយកផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ។ ជនសង្ស័យបានសារភាពនូវទោសកំហុស ដែលខ្លួនបានប្រព្រឹត្តផងដែរ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់បណ្តាញសង្គមឲ្យមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនងសន្ទនាជាមួយអ្នកដទៃ ឬមិត្តភក្តិ អ្នកដែលស្គាល់ ត្រូវបញ្ជាក់ច្បាស់មុន នឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដូចជារូបភាពបុគ្គល ដោយការលួងលោមមនោសញ្ចេតនាណាមួយ ឬផ្តល់លុយកាក់ជាថ្នូរនឹងអ្វីមួយឡើយ ចៀសវាងការចាញ់បោក នាំឲ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕

Loading...